(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវឲ្យពិភពលោក (ប្រទេសដែលមានចំណងការទូតជាមួយអ៊ីស្រាអែល) បោះជំហានតាមសហរដ្ឋអាមេរិក ដោយប្តូរស្ថានទូតពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
ការអំពាវនាវខាងលើនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនទិវាជាតិជាប្រវត្តិសាស្ត្រ គឺថ្ងៃខួបនៃការប្រកាសឯករាជ្យជាតិរបស់អ៊ីស្រាអែល ថ្ងៃទី១៤ ខែឧសភា ហើយវាក៏ត្រូវថ្ងៃដែលសហរដ្ឋអាមេរិកទទួលស្គាល់ និងរើស្ថានទូតអាមេរិកពីតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមជាផ្លូវការផងដែរ។
នាឱកាសនោះដែរលោក ណឺតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា «យើងសូមថ្លែងអំណរគុណសហរដ្ឋអាមេរិក, គ្មានអ្នកណាដែលគាំទ្រអ៊ីស្រាអែល ខ្លាំងជាងនេះទៀតទេ នៅលើភពផែនដីមួយនេះ... យើងមានតែការថ្លែងអំណរគុណដោយចិត្តស្មោះត្រង់បំផុត។ សូមប្រទេសនានាដើរតាមជំហានរបស់សហរដ្ឋអាមេរិក... សម្រាប់សន្តិភាពដែលអ្នកអាចស្រមៃនឹកដល់នោះ ហ្សេរុយសាឡឹម គឺនៅតែជារដ្ឋធានីរបស់អ៊ីស្រាអែលជានិច្ច»។
គួរបញ្ជាក់ថា ស្ថានទូតអាមេរិកនៅក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល នឹងត្រូវផ្លាស់ប្ដូរជាផ្លូវការទៅកាន់ទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាស់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែលផ្ដាច់មុខ ហើយវាក៏នឹងបង្កការតវ៉ារឹតតែខ្លាំង ពីសំណាក់ជនជាតិប៉ាឡេស្ទីនជាក់ជាមិនខាន៕