(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងមិនស្វែងរក ការផ្លាស់ប្ដូររបបដឹកនាំនៅកូរ៉េខាងជើងឡើយ ហើយក៏ធានាដែរថា លោក គីម ជុងអ៊ុន អាចនឹងបន្តកាន់អំណាចដដែល ដែលនេះត្រូវបានគេមើលឃើញថា ជាភពកក់ក្តៅមួយដល់កូរ៉េខាងជើង ដើម្បីបន្តកិច្ចចរចាជាមួយអាមេរិកប្រកបដោយទំនុកចិត្ត និងមានភាពយូរអង្វែង។ នេះគឺជាអត្ថន័យនៃសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយកាលពី ថ្ងៃអាទិត្យជាមួយស្ថានីយទូរទស្សន៍ Fox News នៅមុនជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើ ឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ។ ថ្លែងនាឱកាសនោះ លោក ប៉ុមប៉េអូ បញ្ជាក់ដូច្នេះថា៖«យើងនឹងផ្ដល់ ការធានារ៉ាប់រងសន្តិសុខយ៉ាងពិតប្រាកដ ហើយវាគឺជាការធ្វើសម្បទានទៅវិញទៅមក ដែលគេទន្ទឹមរង់ចាំក្នុងរយៈពេល២៥ឆ្នាំ មកនេះ»។
ដោយឡែកនៅពេលពិធីករសារព័ត៌មាន Fox News លើកឡើងថា លោក គីម ជុងអ៊ុន ជាមេដឹកនាំផ្ដាច់ការ និងពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបាននិយាយថា គេគ្រប់គ្នានឹងបានដឹងថា កិច្ចចរចានឹងដំណើរការទៅយ៉ាងដូចម្ដេច។ ប៉ុន្តែលោកថា កុំឱ្យគ្រប់គ្នាមានការយល់ច្រឡំឱ្យសោះជុំវិញរឿងនេះ ព្រោះផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅទីនេះ ហើយយើងត្រូវបង្ការហានិភ័យ ដែលទីក្រុងព្យុងយ៉ាងអាចនឹងបាញ់អាវុធនុយក្លេអ៊ែរ ឆ្ពោះមកកាន់ទីក្រុងឡូសអាន់ជែលឡែស ឬទីក្រុង ឌែនវើ (Denver) ឬក៏កន្លែងដទៃទៀត រួមទាំងកន្លែងដែលលោកកំពុងអង្គុយសម្ភាសន៍នេះផងដែរ។
គួររំលឹកថា កាលពីចុងឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត និងជាជនផ្ដាច់ការដ៏អាក្រក់បំផុត»។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់លោក ក៏បានដាក់ទណ្ឌកម្ម ក៏ដូចជាគំរាមប្រើប្រាស់កម្លាំងយោធា វាយប្រហារលើរបបដឹកនាំទីក្រុងព្យុងយ៉ាងទៀតផង នៅក្នុងករណីចាំបាច់ត្រូវការពារខ្លួនឯង និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែស្ថានការណ៍ពេលនេះត្រូវបានផ្លាស់ប្តូរជាល្អប្រសើរបន្តិចម្តងៗ ហើយវាក៏សមស្របទៅតាមគោលនយោបាយរបស់លោក ដែលធ្លាប់បានប្រកូកប្រកាស កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាឆ្នាំ២០១៦ នោះផងដែរ៕