(អង់ការ៉ា)៖ សង្រ្គាមពាក្យសម្ដីរវាងប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាប់ផ្ដើមផ្ទុះកក្រើកឡើង នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter លាយឡំជាមួយពាក្យសម្តីឌឺដងដាក់គ្នា ពាក់ព័ន្ធនឹងទាហានអ៊ីស្រាអែល ធ្វើការសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីន ៦០នាក់ និងបង្ករបួសរាប់ពាន់នាក់ទៀត នៅដែលពួកគេនំាគ្នាធ្វើការតវ៉ាប្រឆាំងនឹងការបើកស្ថានទូតអាមេរិកក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter លោក Netanyahu បាននិយាយថា លោក Erdogan ដឹងយ៉ាងច្បាស់ពីភេរវកម្ម និងការសម្លាប់រង្គាល ពីព្រោះលោកគាំទ្រក្រុមហាម៉ាស់ប៉ាឡេស្ទីន (ដែលអ៊ីស្រាអែលចាត់ទុកថា ជាភេរវករ) ហើយការលើកឡើងរបស់នាយរដ្ឋមន្ត្រីរូបនេះ គឺជាការឆ្លើយតបនឹងលោក Erdogan ដែលបានហៅអ៊ីស្រាអែលជារដ្ឋភេរវករ និងប្រល័យពូជសាសន៍។
យ៉ាងណាមិញ ជាការឆ្លើយតប លោក Erdogan ក៏បានបង្ហោះសារនៅលើ Twitter វិញដែរថា លោក Netanyahu គឺជាមេដឹកនាំនៃរដ្ឋផ្ដាច់ការអាផាធេត (apartheid) ដែលបានគ្រប់គ្រងទឹកដីដោយគ្មានការការពារប្រជាជន និងរំលោភលើដំណោះស្រាយអង្គការសហប្រជាជាតិអស់រយៈពេល ៦០ឆ្នាំ មកនេះ ព្រមទាំងចោទថា ការរិះគន់របស់អ៊ីស្រាអែលមកលើតួកគី គឺគ្រាន់តែដើម្បីបង្វែរការចាប់អារម្មណ៍តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ក្រៅតែពីតម្លើងសសៃកដាក់គ្នានៅលើ Twitter មេដឹកនាំប្រទេសទាំងពីរក៏បានសម្រេចចិត្ត បណ្ដេញមន្ត្រីទូតជាន់ខ្ពស់រៀងៗខ្លួន។ ជាក់ស្ដែងបើតាមក្រសួងការបរទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះ តួកគីបានប្រាប់អគ្គរដ្ឋទូតអ៊ីស្រាអែល ឱ្យចាកចេញពីតួកគីជាបណ្ដោះអាសន្នជាហេតុជម្រុញឱ្យអ៊ីស្រាអែលបង្គាប់ឱ្យស្ថានកុងស៊ុលក្នុងទីក្រុងហ្សេរុយសាឡឹម ចាកចេញដោយមិនកំណត់ពេលវេលាជាក់លាក់។
គួរបញ្ជាក់ថា នេះអាចនិយាយបានថា គឺជាជម្លោះការទូតដ៏អាក្រក់បំផុត គិតចាប់តាំងពីប្រទេសទាំងពីរកាត់ផ្ដាច់ចំណងការទូត កាលពីឆ្នាំ២០១០ ក្រោយទាហានអ៊ីស្រាអែល បាញ់ពន្លិចនាវាដឹកជំនួយមនុស្សធម៌តួកគីមួយគ្រឿង ឆ្ពោះទៅតំបន់ហ្កាហ្សាដោយផ្ដាច់យកជីវិតជនជាតិតួកគី ១០នាក់។ ប៉ុន្តែរហូតដល់ឆ្នាំ២០១៦ ទើបប្រទេសទាំងពីរសម្រេចចិត្តភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ៕