(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សយ៉ាង​តិចចំនួន ១៩នាក់ បានបាត់​បង់ជីវិត និងជាច្រើននាក់​ទៀត ត្រូវគេជឿជាក់ថា បានជាប់កប់​នៅក្រោម​គំនរ​បាក់​បែក ក្រោយ​ពីស្ពាន​អាកាសមួយខ្សែ ដែលសាងសង់​ពុំទាន់រួចនៅ​ឡើយ​បានបាក់ស្រុត ​ធ្វើឲ្យមានការភ្ញាក់​ផ្អើលជាខ្លាំង នៅឯរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើង​​ប្រទេសឥណ្ឌា៕

២៖ កន្រ្តកវិលធំ​ជាងគេបង្អស់​លើលោក ត្រូវបានដាក់​ឲ្យដំណើរការ​ជាផ្លូវការហើយ នៅខេត្តសានទុង (Shandong) ភាគខាងកើត​ប្រទេសចិន​​នៅថ្ងៃពុធនេះ៕

៣៖ ស្ថានភាព​ហាក់ដូចជាកំពុងត្រឡប់​ទៅរកភាពតានតឹងវិញ ក្រោយកូរ៉េខាងជើង​ព្រមានថា ខ្លួននឹងពិចារណា​ឡើងវិញលើ​ការរៀបចំ ជំនួបជា​មួយប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បើសិនជា​ទីក្រុង​វ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែលឱ្យខ្លួនបោះបង់ចោល​ អាវុធនុយក្លេអ៊ែរនោះ៕

៤៖ ប៉ូលិស​ឥណ្ឌូណេស៊ី​នាថ្ងៃពុធនេះ បានបាញ់សម្លាប់​​បុរសចំនួន ០៣នាក់ បន្ទាប់ពីជន​សង្ស័យម្នាក់ក្នុង​ចំណោមនោះ បានវាយ​​ប្រហារ​មកលើអាជ្ញាធរ ដោយប្រើដាវ​សាំមូរ៉ៃ និងបានបណ្តាលឲ្យ​មន្រ្តីប៉ូលិសពីរ​នាក់របួស នៅឯទីបញ្ជាការ​ប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា៕

៥៖ វិទ្យាស្ថាន NAI របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានផ្តល់​មូលនិធិ​សម្រាប់រយៈពេល ០៥ឆ្នាំ ទៅកាន់​ក្រុម​ស្រាវជ្រាវចំនួន ០៣ក្រុម ដែលនឹងធ្វើការ​តាមប្រមាញ់រុករក​ជីវិតក្រៅភព នៅក្នុងចក្រវាឡយើងនេះ៕

៦៖ កូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានប្រកាស​លុបចោលកិច្ចសន្ទនា​កម្រិតខ្ពស់ជា​មួយ​កូរ៉េខាងត្បូង ដែលត្រូវធ្វើ​ឡើងនៅថ្ងៃនេះ ហើយមិនតែ​ប៉ុណ្ណោះ​ទីក្រុងព្យុងយ៉ាង ក៏បានព្រមាន​លុបចោលកិច្ចប្រជុំ​កំពូល ជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះផងដែរ ដោយសារតែការកំពុងធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន​លើដីកូរ៉េខាងត្បូង៕