(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហេសប៊ូលឡា រួមទាំងបុគ្គលជាច្រើននាក់ និងក្រុមមួយក្នុងចំណោមនោះ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាក្រុមភេរវករគាំទ្រដោយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងរតនាគារជាតិអាមេរិកបានអះអាងថា នេះគឺជាចាត់វិធានការសកម្មភាពចុងក្រោយ ក្រោមការចូលរួមពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នៃតំបន់ឈូងសមុទ្រ Gulf (អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត អូម៉ង់ កាតា និងអេមីរ៉ាត់អារ៉ាប់រួម)។
ទណ្ឌកម្មថ្មីនេះមានគោលដៅលើមេដឹកនាំក្រុមហេសប៊ូលឡា លោក សាយយ៉េដ ហាសាន ណាស្រាលឡាហ៍ (Sayyed Hasan Nasrallah) និងអគ្គលេខាធិការរងរបស់លោក គឺលោក ណេម ក្វាស៊ីម (Naim Qasim) ព្រមទាំងបុគ្គលបួនរូបផ្សេងទៀត និងក្រុមមួយ។ ម្យ៉ាងវិញទៀត ផ្អែកលើទណ្ឌកម្មនេះ រាល់ទ្រព្យសម្បត្តិរបស់ពួកគេនៅសហរដ្ឋអាមេរិក ឬស្ថិតក្រោមយុត្ថាធិការអាមេរិក នឹងត្រូវបានរាំងខ្ទប់ រីឯប្រជាជនអាមេរិកទាំងអស់ មិនអាចធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយបុគ្គលទាំងនេះជាដាច់ខាត។
គួរជម្រាបថា នេះគឺជាការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងផលប្រយោជន៍អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥៕