(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានរិះគន់យ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា ជាការកើនឡើងនៃវិបត្តិក្រុមសីលធម៌ និងភាពសុច្ចរិត នៅក្នុងជីវិតប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
លោក ធីល្លឺសុន ធ្វើការកត់សម្គាល់បែបនេះ ក្នុងសុន្ទរកថាមួយនៅថ្ងៃពុធសប្ដាហ៍នេះ នៅឯវិទ្យាសា្ថន Virginia Military Institute។ ប៉ុន្តែព្រមពេលជាមួយគ្នា គេបានមើលឃើញថា លោកហាក់ដូចជាមានបំណងរិះគន់លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើទោះជាមិនបានលើកឈ្មោះចំៗក៏ដោយ។
លើសពីនេះទៅទៀត ការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសរូបនេះទៀតសោត កើតមានឡើងនៅចំពេលលោក ដូណាល់ ត្រាំ កំពុងជាប់ផុងក្នុងរឿងអាស្រូវផ្លូវភេទ ជាមួយអតីតតារាសិចស្រីអាមេរិកម្នាក់ ខណៈក្រុម មន្ត្រីសេតវិមានជាច្រើននាក់ បានលាលែងពីតំណែងជាបន្តបន្ទាប់ ដោយសារតែការចោទប្រកាន់ពាក់ព័ន្ធនឹងរំលោភបំពានផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
ថ្លែងនាឱកាសនោះ លោក ធីល្លឺសុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាមេដឹកនំារបស់ពួកយើង ព្យាយាមលាក់បាំងការពិត ហើយ យើងព្រមទទួលយកការពិត ដែលមិនឈរលើមូលដ្ឋាននៃភាពពិតជាក់ស្ដែង នោះមានន័យថា ក្នុងនាមជាប្រជាជនអាមេរិក យើងកំពុង ដើរលើផ្លូវឆ្ពោះទៅរកការបោះបង់ចោលសេរីភាពរបស់ពួកយើង»។
គួរបញ្ជាក់ថា លោក រិច ធីល្លឺសុន ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមីនាកន្លងទៅ បន្ទាប់ពីកាន់តំណែងនេះច្រើនជាងមួយឆ្នាំ។ សម្រាប់លោក ធីល្លឺសុន វិបត្តិក្រមសីលធម៌ និងភាពសុច្ចចរិត គឺកំពុងគំរាមកំហែងដល់ប្រជាធិបតេយ្យអាមេរិក៕