(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាមិនច្បាស់នោះទេថា តើជំនួបដែលគ្រប់គ្នាបាន និងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតនោះ រវាងរូបលោកហើយ និងប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រព្រឹត្តទៅដូចការគ្រោងទុកដែរ ឬយ៉ាងណា បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានលុបចោលកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
ឆ្លើយទៅតបនឹងសំណួរថា តើជំនួបនៅថ្ងៃទី១២ ខែមិថុនារបស់លោកជាមួយលោក គីម នឹងអាចកើតឡើងតាមការកំណត់ដែរ ឬក៏អត់នោះលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងត្រូវតែរង់ចាំមើលថា តើវានឹងក្លាយជាដូចម្តេច ពីព្រោះថាយើងអត់បានទទួលតំណឹងអ្វីឡើយ»។
គួរជម្រាបថា កាលពីម្សិលមិញ អនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បានថ្លែងថា ទីក្រុងព្យុងយ៉ាងនឹងត្រូវតែគិតគូពិចារណាឡើងវិញថា តើគួរតែទៅចូលរួមកិច្ចប្រជុំកំពូលនៅសិង្ហបុរី នាខែក្រោយនេះដែរ ឬអត់ ប្រសិនបើសហរដ្ឋអាមេរិកគ្មានអ្វីផ្សេង ក្រៅតែពីចង់បង្ខំឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោក Kim បានសង្កត់ធ្ងន់ថា ការបញ្ចប់គោលនយោបាយឈ្លានពាន ក៏ដូចជាការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរ និងការបំភិតបំភ័យពីសហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង គឺជាលក្ខខណ្ឌសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍របស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ ត្រូវបានធ្វើឡើង បន្ទាប់សមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានឈ្មោះថា Max Thunder បានចាប់ផ្តើមប្រព្រឹត្តទៅនៅលើទឹកដីកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែឧសភា។ សមយុទ្ធនេះ ក៏បានបង្កឲ្យទីក្រុងព្យុងយ៉ាងសម្រេចផ្អាកគម្រោងកិច្ចពិភាក្សាកម្រិតខ្ពស់ ជាមួយទីក្រុងសេអ៊ូល ដែលបានត្រៀមធ្វើឡើងកាលពីម្សិលមិញផងដែរ៕