(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ឡើងវិញពីការជំទាស់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតំបន់ឧបទ្វីបកូរ៉េ ដោយថែមទាំងក្រើនរំលឹកដែរថា ការធ្វើសមយុទ្ធយោធា និងកិច្ចសន្ទនា មិនអាចធ្វើឡើងព្រមគ្នាបាននោះទេ។ នេះបើតាម Uriminzokkiri ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន គេហទំព័រកូរ៉េខាងជើង យូរីមីនហ្សូកគីរី (Uriminzokkiri) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើសមយុទ្ធយោធា និងកិច្ចសន្ទនា មិនអាចធ្វើឡើងព្រមគ្នាបាននោះទេ... ហើយយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរក្សា និងលើកកម្ពស់ស្ថានភាពនយោបាយបច្ចុប្បន្ន។ ប៉ុន្តែការធ្វើសមយុទ្ធយោធាដែលមានគោលដៅឈ្លានពានកូរ៉េខាងជើង មិនអាចលើកលែងឱ្យបានជាដាច់ខាត»។
គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញ កូរ៉េខាងជើងបានលុបចោលជំនួបថ្នាក់រដ្ឋមន្ត្រី ជាមួយកូរ៉េខាងត្បូងភ្លាមៗ ហើយក៏បានព្រមានដែរថា នឹងលុបចោលជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី។ ម្យ៉ាងវិញទៀត ការព្រមានបែបនេះរបស់ទីក្រុងព្យុងយ៉ាង គឺដោយសារតែការធ្វើសមយុទ្ធយោធាដែនអាកាស Max Thunder រវាងអាមេរិក និងកូរ៉េខាងត្បូង ហើយដែលកូរ៉េខាងជើងចោទថា ជាសកម្មភាពត្រៀមលក្ខណៈឈ្លានកូរ៉េខាងជើង៕