(កង់បេរ៉ា)៖ ក្រុមអ្នកស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូន នៃរដ្ឋាភិបាលអូស្រ្ដាលី នឹងត្រូវប្រឈមមុខនឹងព្រឹទ្ធសភា ជុំវិញការចាយលុយជាង ១៥០លានដុល្លារ ក្នុងការតាមស្វែងរកយន្ដហោះបាត់ខ្លួន MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ តែមិនបានទទួលលទ្ធផលជាដុំកំភួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះដែរ កាលពីថ្ងៃពុធសមាជិកព្រឹទ្ធសភាអូស្ត្រាលី លោក រិច ផាទ្រីក (Rex Patrick) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ព្រឹទ្ធសភាអូស្ត្រាលី នឹងបើកកិច្ចពិភាក្សាដេញដោលមួយ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីដាក់សម្ពាធក៏ដូចជាសាកសួរក្រុមអ្នកស៊ើបអង្កេត មកពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) ពាក់ព័ន្ធនឹងប្រតិបត្តិការតាមរក MH370។
ប៉ុន្តែទន្ទឹមគ្នា ATSB ក៏កំពុងត្រូវបានគេចោទប្រកាន់ផងដែរថា មិនបានខ្វល់ឡើយពីភស្ដុតាងដែលបានលុបបំបាត់ទ្រឹស្ដីរបស់ពួកគេ ថាតើ MH370 ធ្លាក់ ឬក៏បាត់ ខ្លួនទៅយ៉ាងដូចម្ដេច ខណៈអ្នកបើកយន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ស្នើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យមួយ។
គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានបាត់ចេញពីប្រព័ន្ធរ៉ាដាយ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងដំណើរផ្លូវពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។ យន្ដហោះនេះត្រូវបានគេជឿជាក់ថា បានធ្លាក់នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា ហើយមកទល់ពេលនេះ គឺមិនទាន់រកឃើញសាកសពមនុស្ស និងយន្ដហោះទាំងមូលនៅឡើយទេ ក្រៅតែពីបំណែកខ្លះៗដែលគេអះអាងថា អាចជារបស់ MH370។
ទោះបីយ៉ាងណាក៏ដោយ គំរោងសាកសួរក្រុមអ្នកស៊ើបអង្កេតអូស្ត្រាលី កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អតីតមេបញ្ជាការក្រុមអាកាសយានិក លោក ហ្សារៀ អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) មានបំណងធ្វើឱ្យយន្ដហោះ MH370 ធ្លាក់៕