(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធានាចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថានឹងអាចបន្តកាន់អំណាច បើសិនជាយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ ក៏បានព្រមានដែរថា លោក គីម អាចនឹងបញ្ចប់វាសនា ដូចជាអតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ក្នុងករណីមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យជំនួបជាមួយលោក គីម ជុងអ៊ុន ធ្វើឡើងតាមការគ្រោងទុក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ថា កូរ៉េខាងជើងនឹងទទួលបានការការពារយ៉ាងរឹងមំា បើសិនជាជំនួបកំពូលដំណើរការទៅ ប្រកបដោយជោគជ័យ។ «គាត់ (លោក គីម) អាចបន្តស្ថិតនៅក្នុងប្រទេស និងដឹកនាំប្រទេសរបស់គាត់។ ប្រទេសរបស់គាត់នឹងសម្បូរ ហូរហ៊ារ» នេះគឺជាការលើកឡើងរបស់លោក ត្រាំ ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន។
ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ ក៏បានព្រមានផងដែរថា បើសិនជាកិច្ចចរចាបរាជ័យ លោក គីម ជុងអ៊ុន អាចនឹងជួបជោគវាសនាឈឺចាប់ដូចអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi ដែលត្រូវក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិក ទម្លាក់ពី
អំណាច និងបាញ់សម្លាប់ចោលកាលពីឆ្នាំ២០១១។ «ជោគវាសនាឈឺចាប់ដូចប្រទេសលីប៊ី បង្ហាញថា តើអ្វីនឹងត្រូវកើតឡើង បើសិនជាយើងមិនអាចធ្វើកិច្ចចរចាមួយទេនោះ»។ នេះគឺជាការព្រមានរបស់លោក ដូណាល់ ត្រាំ។ តែយ៉ាងនេះក្ដី លោកបញ្ជាក់ថា គំរូដូចប្រទេសលីប៊ីមិនមែនជាអ្វីដែលចង់ប្រើជាមួយកូរ៉េខាងជើងឡើយ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានព្រមានលុបចោលជំនួបកំពូលរវាងលោក និងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី ដោយចោទទីក្រុងវ៉ាស៊ីនតោនថា នៅតែបង្ខំឯកតោភាគីឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ ជាពិសេសគឺការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង៕