(វ៉ាស៊ីនតោន)៖ ទីបំផុតលោកស្រី ជីណា ហាសភែល (Gina Haspel) បានក្លាយជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA ក្នុងនាមជាស្ត្រីដំបូងគេ បន្ទាប់ពីត្រូវព្រឹទ្ធសភាបោះឆ្នោតអនុម័ត បើទោះជាលោកស្រីមានប្រវត្តិមិនល្អខាងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ក្នុងការសួរចម្លើយអ្នកទោសជាភេរវករសង្ស័យពាក់ព័ន្ធនឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី Haspel ត្រូវបានព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍បោះឆ្នោតគំាទ្រក្នុងសំឡេង ៥៤ ទល់ ៤៥ ហើយការឡើងកាន់តំណែងរបស់លោកស្រី កើតមានឡើងក្រោយអតីតនាយក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក រិច ធីល្លឺសុន។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិកពីរនាក់មកពីរគណបក្សសាធារណរដ្ឋ បានបោះឆ្នោតជំទាស់ ខណៈសមា ជិកព្រឹទ្ធសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ ០៦នាក់ បានបោះឆ្នោតគាំទ្រ លោកស្រី។
គួរបញ្ជាក់ថា បើតាមរបាយកាណ៍របស់ព្រឹទ្ធសភាអាមេរិកកាលពីឆ្នាំ២០១៤ បុរសយ៉ាងហោចណាស់ ១១៩នាក់ ត្រូវបានធ្វើទារុណកម្ម ដោយសហរដ្ឋអាមេរិក ក្នុងសំណុំរឿងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ចំណែកឯ លោកស្រី Gina Haspel គឺជាអ្នកអនុវត្តន៍ការធ្វើទារុណកម្មយ៉ាងព្រៃ លើអ្នកទោសជាភេរវករក្នុងពេលសួរចម្លើយ។ តែយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់ឡើយថា លោកស្រី មានតួនាទីអ្វីឱ្យប្រាកដនោះទេកាលជំនាន់នោះ៕