(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានទទួលស្គាល់ដោយប្រយោលថា សហរដ្ឋអាមេរិកគឺជាអ្នក បំផ្លាញប្រទេសលីប៊ីហើយលោកថ្លែងបែបនេះ នៅក្នុងសារមួយដែលមានចេតនាព្រមានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាអាចនឹងមានជោគវាសនាឈឺចាប់ ដូចអតីតមេដឹកនាំលីប៊ី លោក ហ្គាដាហ្វី បើមិនព្រមបោះចោលអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានល្បីៗដូចជា ស៊ីនហួ, អាល់ហ្សាសៀរ៉ា, Reuters និង ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ផងដែរនៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បាននិយាយថាបើសិនការទូត មិនបានទទួលជោគជ័យ លោក គីម ជុងអ៊ុន អាចនឹងមានជោគវាសនាឈឺចាប់ដូចគ្នាទៅនឹងលោក ហ្គាដាហ្វី ដែលត្រូវបានក្រុមឧទ្ទាម គាំទ្រដោយសហរដ្ឋអាមេរិកទម្លាក់ពីអំណាច និងសម្លាប់ចោលកាលពីឆ្នាំ២០១១។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះក៏បានអះអាងដែរថា សហរដ្ឋអាមេរិកបានបំផ្លាញប្រទេសលីប៊ី ប៉ុន្តែលោកថានេះមិន មែនជាអ្វីដែលចង់ប្រើប្រាស់ជាមួយកូរ៉េខាងជើង បើមានកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងជើង។ «យើងមិនដែលនិយាយទៅ លោក ហ្គាដាហ្វី ថាយើងនឹងផ្ដល់ការធានាការពារ ឬអ្វីផ្សេងៗទៀតនោះឡើយ»។ នេះជាការលើកឡើងរបស់ លោក ត្រាំ ដោយសំដៅលើអតីតមេដឹកនាំលីប៊ី លោក ហ្គាដាហ្វី។
គួររំលឹកថា កាលពីឆ្នាំ២០០៣ លោក ហ្គាដាហ្វី បានយល់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងអាវុធគីមី ជាថ្នូរនឹងការដកទណ្ឌកម្ម សេដ្ឋកិច្ច។ ប៉ុន្តែដោយមើលឃើញគំរូនៅលីប៊ី និងអ៊ីរ៉ាក់ ក្រោមសម័យលោក សាដដាម ហូស្សេន ដែលត្រូវគេសម្លាប់ដោយព្យួរកកាលពី ឆ្នាំ២០០៦ ទើបអ្នកជំនាញខ្លះយល់ថា ទីក្រុងព្យុងយ៉ាងទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរនោះទេ ដ្បិតលោក គីម ជុងអ៊ុន ខ្លាចមានវាសនាដូចអតីតមេដឹកនាំទាំងពីរ៕