(វ៉ាស៊ីនតោន)៖ ក្រោយពីបានព្រមានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះលោក ដូណាល់ ត្រាំ ក៏ឆ្លៀតពេលធ្វើការព្រមានផ្សេងមួយទៀត ទៅកាន់សមាជិកនានានៃអង្គការ NATO ឲ្យបង់ប្រាក់ជួយឧបត្ថម្ភអង្គការនេះឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេពួកគេនឹងជួបបញ្ហា ជាពិសេសគឺអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចយក្សលំដាប់លេខ ៤ លើលោកនេះផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
ការថ្លែងបែបព្រមានរបស់លោក ត្រាំ ខាងលើនេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោក និងអគ្គលេខាធិការអង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) នៅឯសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។ ទោះបីជាយ៉ាងណាក៏លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា ប្រទេសណាខ្លះដែលនៅមិនទាន់បង់លុយគ្រប់នោះឡើយ ប៉ុន្តែលោកបានអះអាងថា នៅក្នុងបញ្ជីគឺមានប្រទេសមួយចំនួន នៅមិនទាន់ចំណាយថវិការបស់ពួកគេដល់កម្រិតដែលលោកចង់បាននោះឡើយ ក្នុងនោះលោកក៏បានអំពាវនាវត្រង់ៗទៅអាល្លឺម៉ង់ ឲ្យបំពេញកាតព្វកិច្ចរបស់ឲ្យបានពេញលេញផងដែរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានថ្លែងដូចខាងលើនេះ គឺចង់សំដៅទៅដល់បណ្តាសមាជិក NATO ចំនួន ២០ប្រទេស ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងសហភាពអឺរ៉ុបឲ្យមានការភ្ញាក់រឮកឡើងវិញ។ នេះមិនមែនជារឿងថ្មីនោះឡើយ ដោយចាប់តាំងពីលោកបានជាប់ឆ្នោត និងឡើងធ្វើជាមេដឹកនាំអាមេរិកជាផ្លូវការកាលពីដើមឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ តែងតែទាមទារឲ្យប្រទេសជាសមាជិក NATO ចំណាយថវិកាបន្ថែម ដើម្បីទ្រទ្រង់អង្គការយោធាធំជាងគេលើលោកនេះ ដោយមិនត្រូវឲ្យអាមេរិកចេញថវិកាច្រើនតែឯងនោះឡើយ៕