(បរទេស)៖ លោកស្រី ជីណា ហាសភែល (Gina Haspel) បានក្លាយជានាយកទីភ្នាក់ងារចារកម្មអាមេរិក CIA ក្នុងនាមជាស្ត្រីដំបូងគេ បន្ទាប់ពីត្រូវបានព្រឹទ្ធសភាបោះឆ្នោតអនុម័តផ្ដល់ទំនុកចិត្តនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា (ពេលវេលានៅវ៉ាស៊ីនតោន)។ ប៉ុន្តែការតែងតាំងលោកស្រី ក៏បានបង្កភាពចម្រូងចម្រាសមិនតិចនោះដែរ ដ្បិតលោកស្រីមានប្រវត្តិមិនល្អខាងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ក្នុងការសួរចម្លើយអ្នកទោសជាភេរវករសង្ស័យពាក់ព័ន្ធនឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
លោកស្រី Haspel ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតគំាទ្រក្នុងសំឡេង ៥៤ ទល់ ៤៥សំឡេង។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិកពីរនាក់ មកពីរគណបក្សសាធារណរដ្ឋ បានបោះឆ្នោតជំទាស់ ខណៈសមាជិកព្រឹទ្ធសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ០៦នាក់បានបោះ ឆ្នោតគាំទ្រលោកស្រី។ ការឡើងកាន់តំណែងកំពូលរបស់លោកស្រីក្នុងនាមជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ CIA កើតមានឡើងក្រោយអតីតនាយក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក រិច ធីល្លឺសុន។
លោកស្រី Haspel (មានអាយុ ៦១) កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៥៦ ក្នុងទីក្រុង អាសឡេនដ៍ (Ashland), រដ្ឋគែនទុចគី (Kentucky) សហរដ្ឋអាមេរិក ហើយដ្បិតតែមើលពីក្រៅទៅជាមនុស្សស្រីធម្មតា តែតាមការពិតលោកស្រីគឺជាមនុស្សម្នាក់ម៉ឺងម៉ាត់ និងចិត្តដាច់បំផុត។ មិនតែ ប៉ុណ្ណោះក្រុមអង្គការសិទ្ធិមនុស្សមួយចំនួន ថែមទាំងចាត់ទុកលោកស្រីជាឧក្រិដ្ឋជនទៀតផង។
ខាងក្រោមនេះគឺជាចំណុចទាំង ០៥ ដែលគួរដឹងពីលោកស្រីប្រធាន CIA ថ្មី៖
១៖ លោកស្រីបានបំពេញការងារឱ្យ CIA អស់រយៈពេលច្រើនជាង ៣០ឆ្នាំ
លោកស្រី Haspel បានចូលរួមជាមួយ CIA ក្នុងឆ្នាំ១៩៨៥។ លោកស្រីគឺជាបុគ្គលិកចារកម្មជាន់ខ្ពស់ម្នាក់ ដែលមានបទពិសោធន៍ យ៉ាងក្រាស់ក្រែលនៅឯបរទេស មុននឹងត្រូវបានតែងតាំងជានាយករង CIA កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកស្រី Haspel ធ្លាប់កាន់តំណែងជាប្រធាន CIA នៅឯបរទេស ដោយទទួលបន្ទុកគ្រប់គ្រង និងប្រមូលទិន្នន័យព័ត៌មានសំងាត់ វិភាគ ធ្វើសកម្មភាពជាសំងាត់ ប្រឆាំងនឹងការស៊ើបការសំងាត់ ព្រមទាំងចងសម្ព័ន្ធភាពជាមួយទីភ្នាក់ងារចារកម្មបរទេស។
២៖ លោកស្រីជាអ្នកគ្រប់គ្រងមន្ទីរឃុំឃាំងរបស់ CIA នៅឯបរទេសដំបូងគេបំផុត
Haspel ត្រូវបានគេរាយការណ៍ថា ជាអ្នកគ្រប់គ្រងមន្ទីរឃុំឃាំងរបស់ CIA នៅឯបរទេសដំបូងគេបំផុតក្នុងប្រទេសថៃ ជាកន្លែងឃុំឃាំងអ្នកទោសភេរវករជាច្រើននាក់ ដែលត្រូវបានគេជឿជាក់ថា បានទទួលរងទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ ក្រោមស្នាដៃរបស់ស្ត្រីរូបនេះ។ ជាក់ស្ដែងបើតាមអតីតមន្ត្រីចារកម្មអាមេរិកមួយចំនួនបានអះអាងថា ជនសង្ស័យជាភេរវករពីររូបឈ្មោះ Abu Zubayadah និង Abd al Rahim al-Nashiri ត្រូវបានគេធ្វើទារុណកម្ម ដោយជ្រមុចទឹករាប់សិបដងក្នុងឆ្នាំ២០០២។
«Zubayadah តែម្នាក់ឯងត្រូវបានគេធ្វើទារុណកម្ម ជ្រមុចទៅក្នុងទឹកជាង៨៣ដង ក្នុងរយៈពេលមួយខែ ព្រមទាំងការទារុណកម្មឃោឃៅជាច្រើនទៀត មុននឹងអ្នកសួរចម្លើយសម្រេចថា គាត់គ្មានព័ត៌មានត្រូវប្រាប់»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The New York Times កាលពីខែកុម្ភៈ ឆ្នាំ២០១៧។
៣៖ លោកស្រីត្រូវបានអតីតមន្ត្រីចារកម្មជើងចាស់អាមេរិក គោរពយ៉ាងខ្លាំង
អតីតមន្ត្រីចារកម្មជើងចាស់អាមេរិកបានកោតសរសើរ ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានតែងតាំងលោកស្រី Haspel ជានាយករង CIA កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ មន្ត្រីជើងចាស់ទាំងនោះ ក៏រួមមានទាំងអតីតនាយក ទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិក លោក James Clapper អតីតនាយក CIA លោក Michael Hayden និងអតីតនាយករង CIA ចំនួនពីរលើកគឺលោក Michael Morell ផងដែរ។
៤៖ លោកស្រីមានតួនាទីកំពូលជាច្រើនក្នុងរដ្ឋបាលអាមេរិក
នៅក្នុងរដ្ឋបាលអាមេរិក លោកស្រី Haspel មានតួនាទីកំពូលជាច្រើនដូចជា នាយករងសេវាកម្មស៊ើបការណ៍សំងាត់ជាតិ និងជានាយក រងសេវាកម្មស៊ើបការណ៍សំងាត់ សម្រាប់កិច្ចការបរទេស និងការធ្វើសកម្មភាពសំងាត់។
៥៖ លោកស្រីទទួលបានពានរង្វាន់កិតិ្តយសជាច្រើន
លោកស្រី Haspel បានទទួលពានរង្វាន់កិត្តិយសជាច្រើន ក្នុងនោះរួមមានទាំងពានរង្វាន់ George H. W. Bush Award សម្រាប់ការបំពេញការងារយ៉ាងល្អឥតខ្ចោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម, Donovan Award ជាមេដៃកិត្តិយសខាងវិជ្ជាជីវៈស៊ើបការណ៍សំងាត់ និងពានរង្វាន់ Presidential Rank Award ដែលទទួលស្គាល់បុគ្គលបានបំពេញការងារពិសេសក្នុងរយៈពេលយូរ។ នេះបើ តាម CIA៕
ប្រភព៖ Fox News