(ហ្សាការតា)៖ ភ្នំម៉ឺរ៉ាពី (Merapi) ដែលជាភ្នំភ្លើងសកម្មជាងគេនៅឥណ្ឌូណេស៊ី បានជះកម្អែរផះកម្ពស់ប្រហែល ៣,៥០០គីឡូម៉ែត្រ ឡើងទៅលើផ្ទៃអាកាសនាថ្ងៃអង្គារនេះ ដែលបង្ខំឲ្យមនុស្សរស់នៅជុំវិញនោះ ធ្វើការជម្លៀសខ្លួនចេញជាបន្ទាន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានឲ្យដឹងថា កម្រិតប្រកាសអាសន្នត្រូវបានដំឡើងមួយកម្រិតថែមទៀតពីទាបបំផុត ទៅក្បែរខ្ពស់បំផុតសម្រាប់ភ្នំភ្លើងខាងលើ ដែលស្ថិតនៅលើកោះជ្វា នៃប្រទេសអាស៊ានមួយនេះ។
គួរជម្រាបថា ភ្នំភ្លើងខាងលើបានបញ្ចេញសកម្ម ០៤លើកហើយ គិតចាប់តាំងពីថ្ងៃចន្ទម្សិលមិញមក ហើយមនុស្សប្រហែល ៦៦០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។ ភ្នំភ្លើង Merapi ស្ថិតនៅចម្ងាយ ២៨គីឡូម៉ែត្រ ភាគខាងជើងទីក្រុង យ៉ូកយ៉ាការតា (Yogyakarta) ដែលមានចំនួនប្រជាជនរស់នៅ ២.៤លាននាក់ ហើយមនុស្សរាប់ពាននាក់ទៀត មានទីលំនៅជុំវិញភ្នំភ្លើងនេះ៕