(អាមេរិក)៖ ខណៈដែលតារាវិទូ កំពុងបន្តយុទ្ធនាការតាមស្វែងរកភពទី ៩ ឬ Planet Nine ដ៏ចម្រូងចម្រាស ក្រុមអ្នកវិទ្យាសាស្រ្តបានជួបនឹងដុំថ្មអវកាសមួយដុំ ដែលអាចផ្តល់ភស្តុតាងគួរឲ្យជឿជាក់បាន ចំពោះការអះអាងដែលថា ភព Super-Earth ដ៏ធំមួយ ពិតជាមានវត្តមាននៅជាយប្រព័ន្ធព្រះអាទិត្យរបស់យើងប្រាកដមែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
តាមរយៈមុំដ៏ចម្លែក នៃគន្លងចល័តខ្លួនរបស់អាចម៍ផ្កាយខាងលើ ដែលមានឈ្មោះថា 2015 BP519 កាន់តែជម្រុញបន្ថែមទៀតនូវការអះអាងដែលថា ភពធំមួយមានវត្តមាននៅកន្លែងណាមួយ ម្តុំជាយខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលកំពុងជះឥទ្ធិពលដល់គន្លងធ្វើដំណើររបស់ដុំថ្មអវកាសនេះ នៅជុំវិញផ្កាយរបស់យើង។
គួរជម្រាបថា នេះពុំមែនជាលើកទីមួយឡើយ ដែល Planet Nine ត្រូវគេអះអាងថា ជាអ្នកជះឥទ្ធិពលទៅលើវត្ថុមួយចំនួនក្នុងទីអវកាស។ កាលពីឆ្នាំ២០១៤ នៅមុនពេល Planet Nine ត្រូវអ្នកវិទ្យាសាស្រ្តចាត់ទុកជាផ្លូវការថា ជាសម្មតកម្មនោះតារាវិទូពីររូប បានកត់សម្គាល់ឃើញមានភាពមិនប្រក្រតី នៅតាមដុំថ្មអវកាសមួយចំនួន នៅហួសពីគន្លងរបស់ភពណិបទូន។ ក្នុងនោះរួមមាន ភពមិនពេញលក្ខណៈ Sedna និងវត្ថុមួយចំនួនទៀតដែលគេហៅថា TNOs (Trans-Neptunian Objects)។
ក្រោយមកទៀត នៅឆ្នាំ២០១៦ តារាវិទូពីររូបទៀតបានរកឃើញភស្តុតាងបន្ថែមទៀតអំពី TNOs ដែលមានគន្លងគោចរចម្លែកៗ។ អ្នកវិទ្យាសាស្រ្តទាំងពីររូបនេះហើយ គឺជាបុគ្គលដំបូងគេដែលបានដាក់ឈ្មោះ និងកំណត់ទំហំព្រមទាំងចម្ងាយឲ្យ Planet Nine។ បើតាមអ្នកទាំងពីរ ភពអាថ៌កំបាំងនេះ អាចមានទំហំធំជាងផែនដី ១០ដង ហើយស្ថិតនៅចម្ងាយ ៦០០AU (Astronomical Unit) ពីព្រះអាទិត្យ (១AU = ១៥០លានគីឡូម៉ែត្រ)៕