(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញក្តីសង្ឃឹមជឿជាក់ ដល់ទៅ ៩៩.៩៩ភាគរយ ថាគម្រោងបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅតាមកាលកំណត់ដដែល ចំពេលដែលលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានព្រមានគ្នាទៅវិញទៅមកអំពីការលុបចោលជំនួប ដែលអន្តរជាតិកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង (Blue House) លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ លោក មូន ជែអ៊ីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើជើងហោះហើរ ឆ្ពោះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនថា បច្ចុប្បន្នកូរ៉េខាងត្បូង មានក្តីរំពឹងដល់ ៩៩.៩៩ភាគរយថា កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នឹងប្រព្រឹត្តទៅតាមការព្រមព្រៀងគ្នាដដែល។
លោក មូន ជែអ៊ីន ដែលអមដំណើរដោយលោក Chung Eui-yong បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោន នាដើមសប្តាហ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បើតាមលោក Chung លោក មូន និងលោក ត្រាំ នឹងជជែកអំពីមធ្យោបាយដើម្បីធ្វើឲ្យកិច្ចប្រជុំកូរ៉េខាងជើង-អាមេរិក ទទួលបានជោគជ័យ ដែលអាចឈានដល់កិច្ចព្រមព្រៀងណាមួយនៅឯជំនួបនេះ និងដើម្បីអនុវត្តន៍នូវកិច្ចព្រមព្រៀងផ្សេងៗ ដែលអាចនឹងសម្រេចបាន។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានយល់ព្រមជួបមុខគ្នានៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរីសម្រាប់កិច្ចប្រជុំកំពូលលើកទីមួយ មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តរវាងកូរ៉េខាងជើង និងអាមេរិក ប៉ុន្តែនាពេលថ្មីៗនេះ លោក គីម និង ត្រាំ ក៏បានព្រមានគ្នាទៅវិញទៅមកថា នឹងលុបចោលគម្រោងកិច្ចប្រជុំនេះផងដែរ ដោយវាបង្កឡើងដោយសារតែការធ្វើសមយុទ្ធយោធា Max Thunder របស់រវាងកូរ៉េខាងត្បូង និងអាមេរិក៕