(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងចេញទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃពុធស្អែកនេះហើយ ខណៈដែលវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងជួបប្រទះភាពតានតឹងខ្លាំង ដែលចាប់ផ្តើមឡើងតាំងតែពីខែមេសា កន្លងទៅ ព្រមទាំងបញ្ហាកូរ៉េខាងជើង ដែលកំពុងប្រែជាអាក្រក់ឡើងវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារ AFP នាយប់ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា «ចិន និងសហរដ្ឋអាមេរិក នឹងធ្វើការផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក ជុំវិញទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហានានាទាក់ទងនឹងផលប្រយោជន៍ជារួម»។
គួរបញ្ជាក់ថា បញ្ហាវិវាទពាណិជ្ជរវាងមហាយក្សសេដ្ឋកិច្ចធំៗផ្តាច់គេទាំងពីរ រួមនិងបញ្ហាកូរ៉េខាងជើង មិនមែនជារឿងដែលសំខាន់តែឯងនោះឡើយ ដោយសហរដ្ឋអាមេរិក ក៏នឹងមានរឿងជាច្រើនត្រូវនិយាយជាមួយចិន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ខណៈដែលមួយរយៈចុងក្រោយនេះ មានសារព័ត៌មានជាច្រើន បានចេញផ្សាយពីសកម្មភាពយោធាចិន នៅតាមតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានសរសេរលើ Twitter របស់លោករិះគន់ទង្វើររដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ៕