(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលរវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងមិនកើតឡើងឡើយ បើសិនជាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក មិនត្រូវបានអនុវត្តន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបទល់មុខជាមួយប្រធានានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯ សេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមានឱកាសថា កិច្ចប្រជុំអាចនឹងកើតឡើង ហើយវាក៏មានឱកាសដែរថា កិច្ចប្រជុំនឹងមិនអាចកើតឡើង... ប៉ុន្តែកិច្ចប្រជុំនឹងមិនអាចកើតឡើងនៅថ្ងៃទី១២ ខែមិថុនានោះទេ បើសិនជាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក មិនត្រូវបានអនុវត្តន៍»។ តែទោះបីជាយ៉ាងនេះក្ដី ប្រធានាធិបតីអាមេរិករូបនេះនៅតែអះអាងដដែលថា វាជារឿងល្អ បើសិនជាកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន ធ្វើឡើងតាមការគ្រោងទុក។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នាក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែកូរ៉េខាងជើង ក៏ធ្លាប់បានព្រមានលុបចោលជំនួបនេះវិញដែរ ក្នុងករណីខ្លួននៅតែត្រូវបានបង្ខំឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ ពីសំណាក់សហរដ្ឋអាមេរិក៕