(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើង បានយល់ព្រមទទួលយកហើយនូវបញ្ជីឈ្មោះអ្នកសារព័ត៌មានកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍បិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងលិខិតមួយផ្ញើជូនក្រុមអ្នកសារព័ត៌មាន ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះថា ក្រសួងបានបញ្ជូនបញ្ជីឈ្មោះអ្នកសារព័ត៌មានក្នុងនោះមានអ្នកសារព័ត៌មាន ០៤នាក់ មកពីទីភ្នាក់ងារសារព័ត៌មានមួយ និង ០៤នាក់ ទៀតជាអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍មួយ ទៅកាន់កូរ៉េខាងជើងតាមរយៈប្រព័ន្ធទាក់ទងនៅឯភូមិផាន់ម៉ុនចុម (Panmunjom) នៅម៉ោង ០៩៖០០នាទីព្រឹកនេះ រីឯទីក្រុងព្យុងយ៉ាងក៏បានយល់ព្រមទទួលយកបញ្ជីឈ្មោះនេះដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri នឹងត្រូវប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភានេះ អាស្រ័យលើអាកាសធាតុ៕