(កង់បេរ៉ា)៖ ក្រុមអ្នកស៊ើបអង្កេតអូស្រ្តាលី បានច្រានចោលការអះអាងដែលថា អាកាសយានិកបើកយន្ដហោះ នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ មានចេតនាធ្វើឱ្យយន្តហោះនេះធ្លាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
ប្រតិកម្មរបស់ក្រុមអ្នកស៊ើបអង្កេត មកពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) កើតមានឡើង បន្ទាប់ពីសារព័ត៌មានអង់គ្លេស Telegraph បានចុះផ្សាយកាលពីថ្ងៃទី១៥ ខែឧសភាថា ការបាត់ខ្លួនដ៏អាថ៌កំបាំង នៃជើងហោះហើរ MH370 ជាមួយមនុស្ស ២៣៩នាក់ គឺបង្កឡើងដោយចេតនាចង់ឱ្យយន្ដហោះនេះធ្លាក់របស់មេបញ្ជាការក្រុមអាកាសយានិកម្នាក់ឈ្មោះ ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah)។
Telegraph ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយសំអាងលើកម្មវិធីផ្សាយមួយមានរយៈពេល ៦០នាទី នៅលើទូរទស្សន៍អូស្រ្ដាលី ដោយនៅក្នុងកម្មវិធីនេះអ្នកជំនាញម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីតប្រធានទីភ្នាក់ងារសន្តិសុខដឹកជញ្ជូនអូស្រ្ដាលីបានអះអាងថា លោក ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) ដែលជាមេបញ្ជាការក្រុមអាកាសយាននិក មានចេតនាធ្វើឱ្យយន្ដហោះ MH370 ធ្លាក់តាមរយៈការធ្វើឱ្យវាបាត់ចេញពីប្រព័ន្ធរ៉ាដា និងបញ្ជាយន្ដហោះនេះឆ្ពោះទៅមហាសមុទ្រឥណ្ឌា តែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួ។
«វាគឺជាទង្វើមានគំរោងទុកជាមុន ហើយវាត្រូវបានគេរៀបចំអស់រយៈពេលជាយូរណាស់មកហើយ»។ នេះគឺជាការគូសបញ្ជាក់របស់លោក ម៉ាទីន ដូឡាន (Martin Dolan) ដែលបានសិក្សា និងស្វែងយល់ភស្តុតាងកន្លងមក នៃការបាត់ខ្លួនរបស់ MH370 ដែលជាអាថ៌កំបាំងធំបំផុតមួយ នៃវិស័យអាកាសចរណ៍អន្តរជាតិ។
តែយ៉ាងណាក៏ដោយ ATSB បានទាត់ចោលការសន្និដ្ឋាននេះដោយអះអាងថា «គ្មានមូលដ្ឋាន និងភស្ដុតាងគ្រប់គ្រាន់»។ មិនតែប៉ុណ្ណោះ ក្រុមអ្នកស៊ើបអង្កេតមកពី ATSB នៅតែការពារការអះអាងរបស់ខ្លួនដដែលថា ពីឡុតបានបាត់បង់ស្មារតីម្ចាស់ការលើខ្លួនឯង នៅអំឡុងពេល MH370 ធ្លាក់ចូលក្នុងតំបន់ដែនទឹក នៃភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ប៉ុន្តែស្ថាប័នមួយនេះ ក៏មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ នៃការធ្លាក់យន្ដហោះនេះដែរ។
គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងបានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់ ជាសមាជិកអាកាសយាននិក។ ជាងនេះទៅទៀត យន្ដហោះនេះ មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ រីឯមូលហេតុក៏មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់ដែរ បើទោះជាក្រុមអ្នកស្វែងរកធ្លាប់បានរកឃើញ បំណែកយន្ដហោះជាបន្តបន្ទាប់ក៏ដោយ៕