(ព្រុចសែល)៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានបង្ហាញការសូមអភ័យទោសទៅកាន់សភាអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះសម្រាប់ផលប៉ះពាល់ ដែលបង្កឡើងដោយការបែកធ្លាយ ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ និងបរាជ័យក្នុង ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ បើតាមទីភ្នាក់ងារសារព័ត៌មានបារំាង AFP ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
ប៉ុន្តែការបង្ហាញការសោកស្ដាយរបស់ លោក Zuckerberg មិនបានធ្វើឱ្យសមាជិកសភាអឺរ៉ុបពេញចិត្តនោះទេ ខណៈពួកគេបានចោទ ប្រកាន់រូបលោកថា បានគេចវេសការឆ្លើយតបនឹងសំណួរ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាចំហរ ស្ថាបនិក Facebook រូបនេះបាន លើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេល ០២ឆ្នាំមកនេះ វាបានបង្ហាញយ៉ាងច្បាស់ថា យើងមិនបានធ្វើអ្វីគ្រប់គ្រាន់ឡើយក្នុងការទប់ស្កាត់កុំ ឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារតែព័ត៌មានក្លែងក្លាយ ការលូកដៃរបស់បរទេសនៅក្នុងការបោះឆ្នោត ឬក៏ការបំប៉ោងព័ត៌មានឱ្យប្រជាជនមានការយល់ច្រឡំ»។
លោក ម៉ាក បានបញ្ជាក់បន្ថែមទៀតថា «យើងមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ លើទំនួលខុសត្រូវរបស់យើង ហើយនេះគឺជាកំហុសមួយដែលខ្ញុំពិតជាសូមទោស»។
គួរបញ្ជាក់ថា ក្រោយពីការបណ្ដោយឱ្យព័ត៌មានឯកជនរបស់អ្នកលេង Facebook ជាង ៨៧លាននាក់ បែកធ្លាយដល់ដៃក្រុមហ៊ុនប្រឹក្សានយោបាយ Cambridge Analytica លោក Zuckerberg នៅតែអះអាងដដែលថា នៅដំណាច់ឆ្នាំ២០១៨នេះ Facebook នឹងជួលបុគ្គលិក ១០,០០០នាក់ នៅទូទាំងទីក្រុងចំនួន ១២ របស់អឺរ៉ុប៕