(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មទៅលើជនជាតិអ៊ីរ៉ង់ចំនួន ០៥រូប ក្រោមការចោទប្រកាន់ថា បុគ្គលទាំងនោះបានផ្តល់ការផ្គត់ផ្គង់ជំនាញបច្ចេកទេស ទាក់ទិននឹងគ្រាប់មីស៊ីលផ្លោង ទៅឲ្យក្រុមឧទ្ទាមហួធី (Houthis) នៅប្រទេសយ៉េមែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារជាតិអាមេរិក ជនទាំងប៉ុន្មាននាក់ខាងលើ ក៏ទទួលរងការចោទប្រកាន់ថា ជាអ្នកលួចផ្ទេរសព្វាវុធដែលគេពុំធ្លាប់ឃើញមាននៅយ៉េមែន កាលពីអំឡុងពេលមុនផ្ទុះបញ្ហាជម្លោះប្រដាប់អាវុធផងដែរ ដោយជួសមុខឲ្យកងឆ្មាំការពារបដិវត្តន៍អ៊ីស្លាម IRGC របស់អ៊ីរ៉ង់។
នាពេលកន្លងមកនេះ ក្រុមឧទ្ទាម Houthis បានធ្វើការផ្លោងមីស៊ីលជាបន្តបន្ទាប់ទៅលើរាជធានីរីយ៉ាដ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏ធំមួយរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា ហើយក៏ធ្លាប់មានការវាយប្រហារមីស៊ីល ទៅលើនាវាចម្បាំងរបស់អាមេរិកផ្ទាល់ផងដែរ។
គួរជម្រាបថា ចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តរបស់លោក ក្នុងការដើរចេញពីកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តនុយក្លេអ៊ែរអ៊ីរ៉ង់មក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញកញ្ចប់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយក្នុងនោះក៏មានទាំងទេសាភិបាលធនាគារកណ្តាល របស់អ៊ីរ៉ង់ផងដែរ៕