(គូឡាឡាំពួ)៖ ការរុករកយន្តហោះ MH370 ជាលក្ខណៈឯកជន ដែលប្រទេសម៉ាឡេស៊ីបានជួលក្រុមហ៊ុនមកពីអាមេរិកមួយឲ្យធ្វើការងារនោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះហើយ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់តំណឹងលើ MH370 ទាំងអស់ធ្វើការពិនិត្យឡើងវិញ ទៅលើបញ្ហានានាពាក់ព័ន្ធនឹងការបាត់ដំណឹងតាំងតែពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ មកនោះ។ នេះបើតាមការចេញផ្សាយដោយ Telegraph នៅយប់ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បាននិយាយថា ការស្វែងរករយៈពេល ៩០ថ្ងៃ ត្រូវបានបញ្ចប់តាំងតែពីខែមេសា មកម្ល៉េះ ប៉ុន្តែយើងបានពន្យារពេលវារហូតដល់ថ្ងៃទី២៩ ខែឧសភា ខាងមុខនេះទើបធ្វើការបិទបញ្ចប់ជាផ្លូវការ។ ការបាត់ខ្លួនរបស់ MH370 និងមនុស្សជិះនៅលើនោះទាំងអស់ ២៣៩នាក់ នឹងនៅតែជាអាថ៌កំបាំងទៅមុខទៀតប្រសិនបើពុំមានប្រតិបត្តិការរុករកផ្សេងណាមួយ ត្រូវបានបង្កើតឡើងទេនោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុននាវាចរ និងរុករកដែនសមុទ្ររបស់អាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ កាលពីខែមករា ឆ្នាំ២០១៨ តាមរយៈពាក្យស្លោកមួយថា «រកមិនឃើញ មិនទទួលកម្រៃ» ហើយវាមានរយៈពេលមួយឆ្នាំ បន្ទាប់ពីការរុករកដោយក្រុមជំនាញអូស្ត្រាលី និងចិននៅក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានបញ្ចប់ជាផ្លូវការ ដោយមានតំរុយតិចតួចបំផុត ស្ទើរយកជាការមិនបាន៕