(ព្យុងយ៉ាង)៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) បាននិយាយថា ការចរចា ឬការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ គឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី Choe ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ហើយមិនតែប៉ុណ្ណោះលោកស្រីបានព្រមានទៀតថា នឹងបញ្ជូនសំណើមួយទៅកាន់លោក គីម ជុងអ៊ុន ដើម្បីឱ្យលោកពិចារណជាថ្មីពីជំនួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី។
លោកស្រី Choe បានលើកឡើងយ៉ាងដូច្នេះថា «មិនថាសហរដ្ឋអាមេរិកចង់ជួបយើងនៅក្នុងបន្ទប់ ឬក៏ចងប្រឈមមុខជាមួយើងដោយអាវុធនុយក្លេអ៊ែរមួយទល់នឹងមួយ ពោលគឺវា អាស្រ័យទាំងស្រុងលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន»។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រីរដ្ឋមន្ត្រីការបរទេស ក៏បានសម្ដែងការភ្ញាក់ផ្អើល និងខឹងសម្បារផងដែរ ចំពោះការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ដែលថា កូរ៉េខាងជើងអាចនឹងបញ្ចប់វាសនាដូចប្រទេសលីប៊ី បើសិនជាមិនព្រមចរចារឿងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
«កាលពីសប្ដាហ៍មុន មានការជជែកគ្នាមួយចំនួនពីគំរូប្រទេសលីប៊ី ហើយអ្នកដឹងហើយថា លោកប្រធានាធិបតីមានភាពប្រាកដប្រជាថា នេះនឹងក្លាយជាគំរូបញ្ចប់តែមួយគត់ដូចលីប៊ី បើសិនជាលោក គីម ជុងអ៊ុន មិនព្រមធ្វើកិច្ចព្រមព្រៀងទេនោះ»។ នេះជាការលើកឡើងរបស់លោក Mike Pence នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕