(វ៉ាស៊ីនតោន)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានកត់សម្គាល់ថា សហរដ្ឋអាមេរិកគួរតែគោរពឱ្យបានខ្ជាប់ខ្ជួន ចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួន លើគោលនយោបាយចិនតែមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោក វ៉ាង យី ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បន្ទាប់ពីជំនួបរបស់អ្នកទាំងពីរ។ លោក វ៉ាង បានគូសបញ្ជាក់ទៀតថា តៃវ៉ាន់ស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងជាផលប្រយោជន៍របស់ចិន ខណៈលោក Pompeo នៅតែអះអាងថា ការគោរពនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិក មិនមានការផ្លាស់ ប្ដូរឡើយ ហើយថាគោលនយោបាយអាមេរិកពាក់ព័ទ្ធនឹងបញ្ហាកោះតៃវ៉ាន់ គឺនៅដដែល។
គួរបញ្ជាក់ថា ចម្លើយរបស់លោក Mike Pompeo គឺឆ្លើយតបទៅនឹងអ្នកសារព័ត៌មានម្នាក់ ដែលបានសួរលោកថា តើមានការផ្លាស់ប្ដូរ គោលនយាបាយចិនតែមួយដែរ ឬក៏យ៉ាងណា ស្របពេលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងធ្វើសកម្មភាពអវិជ្ជមានជាបន្តបន្ទាប់ជុំវិញបញ្ហា កោះតៃវ៉ាន់។ ចំណែកឯ លោក វ៉ាង យីក៏បាននិយាយដែរថា សំនួររបស់អ្នកសារព័ត៌មានរូបនេះ បង្ហាញពីភាពសង្ស័យរបស់ចិន លើគោលនយោបាយអាមេរិកចំពោះកោះតៃវ៉ាន់៕