(ប្រេស៊ីល)៖ បាតុកម្មតវ៉ាបិទផ្លូវរបស់ក្រុមអ្នកបើករថយន្ដធុនធ្ងន់ នៅក្នុងប្រទេសប្រេស៊ីលបានឈានចូលថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ដោយសារតែពួកគេខឹងសម្បារចំពោះការឡើងថ្លៃសាំង ដែលនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការផ្គត់ផ្គង់ឥន្ធនៈ និងម្ហូបអាហារនៅក្នុងប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឡើងថ្លៃសាំង។ ប៉ុន្តែទន្ទឹមគ្នា បាតុកម្មតវ៉ានេះបានបង្ខំឱ្យទីផ្សារ និងអ្នកលក់ដូរ ក៏ដូចជាការដឹកជញ្ជូនជាច្រើនត្រូវផ្អាកសកម្មភាពរបស់ខ្លួន ជាពិសេសគឺនៅក្នុងទីក្រុង Rio de Janeiro។ ចំណែកឯ ប៉ូលិសនៅក្នុងតំបន់ ក៏បានបញ្ជាក់ដែរថាផ្លូវហៃវ៉េយ៉ាងតិច ១៧ ក្នុងរដ្ឋចំនួន ២៧ ត្រូវផ្អាកសកម្មភាព។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការស្នើសុំពីក្រុមបាតុករ រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក មីឈែល ធីមើ (Michel Temer) បានយល់ព្រមកាត់បន្ថយពន្ធមួយចំនួនលើប្រេងឥន្ធនៈ ប៉ុន្តែសមាគមអ្នកបើរថយន្ដធុនធ្ងន់អះអាងថា វិធានការនេះមិនទាន់គ្រប់គ្រាន់នោះទេ៕