(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា យោធាអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងករណីដែល កូរ៉េខាងជើងធ្វើសកម្មភាពឆ្កួតលីលា ឬធ្វេសប្រហែសណាមួយ បន្ទាប់ពីលោកបានសម្រេចចិត្ត លុបចោលជំនួបកំពូលជាមួយ លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី។ មិនតែប៉ុណ្ណោះ លោកក៏បានចាត់ទុកផងដែរថា នេះគឺជាបរាជ័យមួយដ៏ធំសម្រាប់កូរ៉េខាងជើង និងពិភពលោកហើយថា ជំនួបកំពូលនេះអាចនឹងកើតមានឡើង លុះត្រាតែលក្ខខណ្ឌទាំងឡាយរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានអនុវត្តន៍។
លោក ត្រាំ បានលើកឡើងនៅឯសេតវិមានយ៉ាងដូច្នេះថា «យោធារបស់យើងដែលមានភាពខ្លាំងក្លាជាងគេនៅលើពិភពលោក ដូចអ្នកទាំងអស់គ្នាបានដឹង និងបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងករណីចាំបាច់។ មួយវិញទៀត ខ្ញុំបានពិភាក្សាជាមួយកូរ៉េខាងត្បូង និងជប៉ុន ហើយពួកគេមិនត្រឹមតែត្រៀមឆ្លើយតបនឹងទង្វើឆ្កួតលីលា ឬធ្វេសប្រហែសរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ តែពួកគេថែមទាំងមានបំណងធានាផ្ដល់ហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកទៀតផង»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង តាមរយៈលិខិតមួយផ្ញើជូនលោក គីម ជុងអ៊ុន ដោយបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់ បង្ករឿងដោយបើកចំហ នៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួននាពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញខ្លះ ធ្លាប់បានព្រមានថា បើជំនួបនេះបរាជ័យ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាចនឹងផ្ទុះឡើងខ្លាំងជាងពេលមុនៗទៅទៀត រហូតដល់បង្កជាជម្លោះប្រដាប់អាវុធក៏ថាបាន៕