(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងប្រកាស​ដាក់ទណ្ឌកម្មសាជាថ្មី​ប្រឆាំងនឹង​កូរ៉េខាងជើង នៅសប្ដាហ៍​ក្រោយនេះ បន្ទាប់ពី​លោក ដូណាល់ ត្រាំ សម្រេចចិត្ត​លុបចោលជំនួប​កំពូល​ជាមួយមេដឹកនាំ​ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលគ្រោង​នឹងធ្វើឡើង​នៅថ្ងៃ ទី១២ ខែមិថុនា​ខាងមុខនេះ ក្នុងប្រទេស​សិង្ហបុរី។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​កាសែត​អាមេរិក The Wall Street Journal សេតវិមាន​កំពុងពិចារណា​លើទណ្ឌកម្ម​ជាច្រើន ប្រឆាំងនឹង​កូរ៉េខាងជើង ដែលទំនងជា​អាចនឹងត្រូវប្រកាស​នៅសប្ដាហ៍​ក្រោយនេះ។ កាលពី​ថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានប្រកាស​លុបចោល​ជំនួប​កំពូល​ជាប្រវត្តិសាស្ត្រ​ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង តាមរយៈលិខិត​មួយផ្ញើជូន​លោក គីម ជុងអ៊ុន ដោយ​បញ្ជាក់ថា ការ សម្រេចចិត្តនេះ​គឺដោយសារតែ​ការបញ្ចេញ​កំហឹង និងចេតនាចង់​បង្ករឿងដោយ​បើកចំហ នៅក្នុងសេចក្តី​ថ្លែងការណ៍មួយចំនួននាពេលថ្មីៗនេះ ​ពីសំណាក់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។

តែទោះជា​យ៉ាងនេះក្ដី អនុរដ្ឋមន្ត្រី​ការបរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បញ្ជាក់ថា កូរ៉េខាងជើង​នៅតែមានបើ​ទ្វារចរចា ​ជាមួយសហរដ្ឋអាមេរិក​​គ្រប់​ពេល​វេលា។ ប៉ុន្តែលោក​ចាត់ទុកថា ការសម្រេចចិត្ត​របស់លោក ត្រាំ គឺជារឿង​គួរឱ្យសោកស្ដាយ​ជាទី​បំផុត។ «យើងនៅតែ​មានឆន្ទៈ​អង្គុយចុះចរចា ​មួយទល់នឹង​មួយជា​មួយ​សហរដ្ឋអាមេរិក ក៏ដូចជា​ដោះស្រាយ​បញ្ហាគ្រប់​ពេលវេលា និងគ្រប់ទម្រង់​ទាំងអស់»។ នេះជាការ​លើកឡើង​របស់ លោក Kim Kye Gwan៕