(អាមេរិក)៖ កងទ័ពអាកាសអាមេរិកយ៉ាងតិច ១៤នាក់ ដែលបម្រើការនៅក្នុងមូលដ្ឋានយោធាមួយកន្លែងមានផ្ទុកអាវុធនុយក្លេអ៊ែរ នៅឯរដ្ឋវ៉ាយអូមីង (Wyoming) ធ្លាប់បានទិញ លក់ និងប្រើប្រាស់ LSD និងកូកាអ៊ីន ព្រមទាំងគ្រឿងញៀនដទៃៗទៀត កាលពីចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
ជុំវិញករណីនេះ អ្នកវិភាគមួយមួយដែលជាសាស្រ្តាចារ្យ ស្ទេវិន ស្តារ (Steven Starr) មកពីសាកលវិទ្យាល័យមីសសួរី (Missouri) បានចេញមកបញ្ចេញមតិខ្លះៗ។ Steven Starr បានលើកឡើងថា ការងាររបស់កងទ័ពនោះ គឺជាការងារដ៏អាក្រក់មួយ ពោលគឺពួកគេត្រូវអង្គុយម្តងៗរាប់ម៉ោង ដើម្បីរង់ចាំបញ្ជាអំពីការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលនុយក្លេអ៊ែរបានរហូតដល់ ៥០គ្រាប់។ ដូច្នេះហើយប្រការនេះ ប្រហែលជាអាចធ្វើឲ្យពួកគេ មានទំនោរទៅប្រើប្រាស់គ្រឿងញៀន។
ព័ត៌មាននេះបានកើតមានឡើង នៅប៉ុន្មានខែក្រោយពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសពីការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំឡើង ទៅលើយុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា កងទ័ពដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន គឺស្ថិតក្នុងចំណោមកងអង្គភាពមីស៊ីលទី ៩០ ដែលគ្រប់គ្រងទៅលើមួយភាគបីនៃមីស៊ីលបំពាក់នុយក្លេអ៊ែរធុន Minuteman 3 ប្រមាណ ៤០០គ្រាប់ របស់សហរដ្ឋអាមេរិក ដែលស្ថិតក្រោមការប្រុងប្រៀបខ្លួន ពេញមួយថ្ងៃៗជារៀងរាល់ថ្ងៃ៕