(ម៉ានីល)៖ ភ្នំភ្លើងសកម្មជាងគេរបស់ហ្វីលីពីន ម៉ាយ៉ុន (Mayon) អាចនឹងបញ្ចេញសកម្មភាពនាពេលឆាប់ៗនេះ ដែលជាហេតុធ្វើឲ្យអាជ្ញាធរព្រមានដល់ប្រជាជនឲ្យនៅឲ្យឆ្ងាយពីតំបន់គ្រោះថ្នាក់ ដែលស្ថិតនៅរង្វង់ ០៦គីឡូម៉ែត្រ ជុំវិញភ្នំភ្លើងនេះ ដោយសារតែវាអាចនឹងផ្ទុះឡើងបានភ្លាមៗនៅគ្រប់ពេល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងអំឡុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បើតាមវិទ្យាស្ថានឃ្លាំមើលសកម្មភាពភ្នំភ្លើង និងរញ្ជួយផែនដីរបស់ហ្វីលីពីន ហ្វីវ៉ុសាល់ (Phivocsl) គេបានសង្កេតឃើញមានរំញ័រកើតមានឡើងចំនួន ០២លើក នៅក្នុងភ្នំភ្លើង Mayon។ ភ្នំភ្លើងដែលមានកម្ពស់ ២,៤៦០ម៉ែត្រ ស្ថិតនៅខេត្ត អាល់បេយ (Albay) ចម្ងាយប្រហែលជា ៣០០គីឡូម៉ែត្រ នៃភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ក្នុងដែនកោះលូហ្សុន (Luzon)។
គួរជម្រាបថា ហ្វីលីពីន គឺជាប្រទេសងាយនឹងទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែប្រទេសនេះ ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា Pacific Ring of Fire៕