(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថឡើងបន្តឡើងកាន់មុខតំណែងជាផ្លូវការ និងបានស្នើឲ្យមានការលើកលែងទោសចំពោះក្រុមបាតុករនយោបាយនានា ដែលបានជាប់ពន្ធនាគារដោយសារការប្រើអំពើហិង្សា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
ក្រោយពីការធ្វើកិច្ចសច្ចាប្រណិធានជាផ្លូវការ លោក ម៉ាឌូរ៉ូ ក៏បានប្រកាសផងដែរពីផែនការសកម្មភាព ០៦ចំណុច សម្រាប់ការដឹកនាំនៅអាណត្តិទីពីររបស់លោក ដោយដំបូងក្នុងចំណោមនោះ គឺសំដៅលើកកម្ពស់ការបើកកិច្ចចរចា និងផ្សះផ្សារវាងគណបក្សកាន់អំណាច PSUV និងគូបដិបក្ខនយោបាយនានា ដែលបានធ្វើពហិកាក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០ ខែឧសភា។
សម្រាប់សកម្មភាពទីពីរវិញ គឺពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាវិបត្តិសេដ្ឋកិច្ច របស់ប្រទេសអាមេរិកឡាទីនមួយនេះ និងទីបី គឺការបើកយុទ្ធនាការថ្មីប្រឆាំងទៅនឹងអំពើពុករលួយគ្រប់ទម្រង់។ ជាមួយគ្នានេះ លោក ម៉ាឌូរ៉ូ ក៏បានដាក់សំណើធ្វើការពង្រឹង និងពង្រីកកម្មវិធីសង្គម ព្រមទាំងធ្វើការការពារវេណេស៊ុយអេឡា ពីការគាបសង្គត់របស់ពួកចក្រពត្តិនិយម និងទណ្ឌកម្មអាមេរិក ក៏ដូចជាធ្វើការបន្តអភិវឌ្ឍន៍សង្គមនិយមវេណេស៊ុយអេឡាផងដែរ។
គួរជម្រាបថា លោក ម៉ាឌូរ៉ូ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសម្រាប់អាណត្តិទីពីរ ពោលគឺបន្តដល់ឆ្នាំ២០២៥នោះ តាមរយៈការទទួលបានសំឡេងជាង ០៦លានសំឡេង វ៉ាដាច់យ៉ាងឆ្ងាយពីគូប្រកួតរបស់ខ្លួន៕