(ហ្សាការតា)៖ សភាឥណ្ឌូណេស៊ី នាថ្ងៃសុក្រនេះបានសម្រេចជាឯកច្ឆ័ន្ទអនុម័តលើច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលតឹងរ៉ឹងជាងមុន ក្រោយពីមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។
សេចក្តីព្រាងច្បាប់ខាងលើនេះ តាមពិតបានជាប់គាំងអស់រយៈពេលជិត ០២ឆ្នាំមកហើយ ដោយសារតែសភាឥណ្ឌូណេស៊ី បានជួបបញ្ហាលំបាកជុំវិញខ្លឹមសារលម្អិតរបស់វា រួមមានការកំណត់និយមន័យឲ្យភេរវកម្មជាដើម ប៉ុន្តែហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាងកក្រើកៗជាបន្តបន្ទាប់ នាខែឧសភានេះ បានបង្កើនសម្ពាធបង្ខំឲ្យក្រុមអ្នកតាក់តែងច្បាប់ឥណ្ឌូណេស៊ី រួសរាន់អនុម័តច្បាប់នេះ។
តាមរយៈការអនុម័តច្បាប់ខាងលើនាពេលនេះ ប៉ូលិសឥណ្ឌូណេស៊ី មានសិទ្ធិធ្វើការឃុំឃាំងជនសង្ស័យជាភេរវករ បានរហូតដល់ ២១ថ្ងៃ ហើយពួកគេនឹងអាចចោទប្រកាន់លើជនទាំងឡាយណា ដែលបានចូលរួម ឬដើរកេណ្ឌពលឲ្យអង្គការភេរវកម្ម នៅក្នុងប្រទេសឥណ្ឌូណេស៊ីផ្ទាល់ ឬក៏នៅឯក្រៅប្រទេសផងដែរ។
គួរជម្រាបថា មកទល់ពេលនេះ ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់សម្លាប់ជនសង្ស័យ ជាសមាជិកក្រុមសកម្មប្រយុទ្ធចំនួន ១៤នាក់ និងចាប់ខ្លួន៦០នាក់ គិតចាប់តាំងតែពីការបំផ្ទុះគ្រាប់បែក កាលពីពាក់កណ្តាលខែនេះ នៅតាមព្រះវិហារសាសនាគ្រិស្ត និងប៉ុស្តិ៍ប៉ូលិស ដែលបានផ្តាច់ជីវិតមនុស្សសរុបទាំងជនដៃដល់ និងជនរងគ្រោះប្រមាណជាង ២០នាក់ ខណៈជនបង្កទាំងនោះគឺជាក្រុមគ្រួសារជ្រុលនិយម មានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធនៅឥណ្ឌូណេស៊ី ដែលជាបណ្តាញរបស់ ISIS៕