(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនាថ្ងៃចន្ទនេះថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកកិច្ចពិភាក្សាជុំវិញបញ្ហាយោធាជាមួយកូរ៉េខាងជើង នៅពេលណាមួយក៏បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកស្រី ឆយ យុនស៊ូ (Choi Hyun-soo) បានប្រកាសថា ក្រសួងបានត្រៀមខ្លួនជាស្រេចដើម្បីបើកកិច្ចប្រជុំជាន់ខ្ពស់អន្តរកូរ៉េ ជុំវិញបញ្ហាយោធានៃប្រទេសទាំងពីរ នៅគ្រប់ពេលទាំងអស់ បើមានការព្រមព្រៀងគ្នា។ លោកស្រី Choi បានបន្ថែមទៀតថា កិច្ចពិភាក្សាអំពីបញ្ហាយោធារវាងមន្រ្តីយោធាជាន់ខ្ពស់មកពីកូរ៉េទាំងពីរ នឹងត្រូវជម្រុញឲ្យផុសផុលឡើងថែមទៀត នៅក្រោយកិច្ចពិភាក្សាអន្តរកូរ៉េកម្រិតខ្ពស់ ដែលត្រូវបានរៀបចំនឹងធ្វើឡើងនាថ្ងៃទី០១ ខែមិថុនា។
គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបមុខគ្នាជាលើកទីពីរកាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅអគាររបស់កូរ៉េខាងជើងក្នុងភូមិ Panmunjom ដែលជាតំបន់ខណ្ឌចែកឧបទ្វីបកូរ៉េ។ លោក មូន និងលោក គីម បានឯកភាពគ្នាក្នុងការបន្តបើកកិច្ចពិភាក្សាអន្តរកូរ៉េកម្រិតខ្ពស់ឡើងវិញ ដែលទីក្រុងព្យុងយ៉ាង បានផ្អាកដោយសារតែការធ្វើសមយុទ្ធយោធាផ្លូវអាកាសកូរ៉េខាងត្បូង-អាមេរិក។
បន្ទាប់ពីនេះ កិច្ចប្រជុំអន្តរកូរ៉េជាន់ខ្ពស់ស្តីពីបញ្ហាយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកិច្ចប្រជុំមួយទៀត ស្តីពីការជួបជុំគ្នាឡើងវិញនៃក្រុមគ្រួសារដែលបានបែកបាក់គ្នា កាលពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ក៏ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅផងដែរ៕