(ដូហា)៖ រដ្ឋាភិបាលកាតា បានសម្រេចចិត្តហាមឃាត់ការចូលផលិតផលជាច្រើន ដែលមានប្រភពមកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន និងអេហ្ស៊ីប តែជិតមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងបួននេះ ដាក់បម្រាមនាំចេញទៅកាន់ទីក្រុងដូហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលកាតាបានឱ្យដឹងយ៉ាងដូច្នេះថា «ផលិតផលមានប្រភពមកពីបណ្ដាប្រទេសជាប់បម្រាមការ ចូលនំា ដែលមិនអាចឆ្លងកាត់ដែនដីគយ នៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការក្នុងឈូងសមុទ្រហ្គូល នឹងត្រូវបានស្ថិតក្រោមការត្រួតពិនិត្យ និងធ្វើអធិការកិច្ចយ៉ាងត្រឹមត្រូវ និងទៅតាមនីតិវិធីគយ។ បន្ថែមពីលើនេះ កាតានឹងអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ស្របទៅនឹងរាល់កិច្ចព្រមព្រៀងពហុភាគី និងទ្វេភាគី»។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត អារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទថា ទីក្រុងដូហា គំាទ្រក្រុមភេរវករនៅក្នុងតំបន់។ ប៉ុន្តែ បើទោះជាកាតាបានបដិសេធជាច្រើនដងក៏ដោយ ក៏ប្រទេសទាំងបួននេះ នៅតែសម្រេចចិត្តបិទការនាំចេញទំនិញសំខាន់ជាច្រើន ទៅកាន់ទីក្រុងដូហា៕