(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានអះអាងថា ខ្លួននឹងអនុវត្តន៍តាមតែការដាក់ទណ្ឌកម្មអនុម័តដោយអង្គការសហប្រជាជាតិ (UN) ប៉ុណ្ណោះ ប៉ុន្តៃមិនធ្វើតាមឡើយចំពោះការដាក់ទណ្ឌកម្ម ស្នើឡើងដោយបណ្ដាប្រទេសដទៃ ដូចជាសហរដ្ឋអាមេរិកក្នុងចេតនាប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមខែឧសភា បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ព្រមទាំងសម្រេចចិត្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងតេហេរ៉ង់សាជាថ្មីទៀតផង។ តែទោះបីជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី ស៊ូសម៉ា ស្វារ៉ាច (Sushma Swaraj) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះថា គោលជំហររបស់ ទីក្រុងញូដេលីគឺឯករាជ្យពីបណ្ដាប្រទេសដទៃ។ «ឥណ្ឌា អនុវត្តន៍តាមតែការដាក់ទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ ពោលគឺមិនធ្វើតាមឡើយទណ្ឌកម្មឯកតោភាគី ស្នើឡើងដោយប្រទេសណាមួយ»។
ការលើកឡើងរបស់លោកស្រី Sushma Swaraj ធ្វើឡើងនៅក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) ក្នុងទីក្រុងញូដេលី ខណៈទីក្រុងតេហេរ៉ង់ កំពុងស្វះស្វែងប្រមូលផ្ដុំការគាំទ្រប្រឆាំងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
គួរជម្រាបថា ឥណ្ឌា និងអ៊ីរ៉ង់មានសម្ព័ន្ធភាពនយោបាយ និងសេដ្ឋកិច្ចដ៏យូរអង្វែង ហើយលើសពីនេះទៅទៀត អ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំមួយឱ្យទីក្រុងញូដេលី៕