(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូង ដើម្បីបង្កើតបរិយាកាសអំណោយផលដល់កិច្ចចរចា។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីនមុន (Rodong Sinmun) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ក៏បានកត់សម្គាល់ដែរថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបង្កការរំខានដល់សន្តិភាព និងស្ថេរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ហើយមិនតែប៉ុណ្ណោះ វាក៏បង្ហាញផងដែរពីចេតនាចង់ធ្វើសង្រ្គាម ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
Rodong Sinmun បានគូសបញ្ជាក់បន្ថែមដូច្នេះថា «នៅពេលបច្ចុប្បន្ន សមុយទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នឹងបង្ហាញថា តើសហរដ្ឋអាមេរិកចង់ធ្វើសង្រ្គាម ឬក៏ ចង់បានសន្តិភាព... ដូច្នេះបើសិនជាសហរដ្ឋអាមេរិកមានបំណងចង់ចរចាដោយស្មោះ ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការធ្វើសមយុទ្ធយោធា និងសកម្មភាពគំរាមកំហែងដៃគូសន្ទនារបស់ខ្លួនដោយកម្លាំង»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ជាច្រើនដងថា ការធ្វើសមយុទ្ធយោធាប្រចំាឆ្នាំរវាងប្រទេសទាំងពីរនឹងបន្ត ធ្វើឡើងតាមការគ្រោងទុក បើទោះជាពួកគេកំពុងស្វែងរកការចរចា ជាមួយកូរ៉េខាងជើងក៏ដោយ៕