(ម៉ូស្គូ)៖ សភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញបិតាស្ថាបនិក នៃបណ្តាញសង្គមយក្ស Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក ឲ្យចូលស្រាយបំភ្លឺចំពោះសមាជិកសភាទាំងអស់ ដែលអាចពាក់ព័ន្ធទៅនឹង ការបែកធ្លាយឯកសារសម្ងាត់ ខណៈសេដ្ឋីវ័យក្មេងរូបនេះ ធ្លាប់បានឆ្លងកាត់ការស្រាយបំភ្លឺក្នុងសភាអាមេរិក និងសហភាពអឺរ៉ុបរួចទៅហើយ ប៉ុន្តែគេនៅមិនច្បាស់ថា តើលោក ម៉ាក នឹងព្រមតាមការអញ្ជើញនេះ ឬក៏អត់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ប្រធានសភាជាន់ខ្ពស់រុស្ស៊ី លោកស្រី Valentina Matvienko បានថ្លែងប្រាប់សារព័ត៌មាន TASS របស់រុស្ស៊ីយ៉ាងដូច្នេះថា «យើងបានអញ្ជើញរូបគាត់រួចមកហើយ ហើយយើងនឹងព្យាយាមរៀបចំ សម្រាប់ដំណើរមកដល់របស់គាត់។ ចំពោះបញ្ហាថាតើ គាត់មក ឬមិនមកទីនេះនោះ គឺជាសំនួរផ្សេងទៀត»។
គួរបញ្ជាក់ថា ការឈានដល់ការដាក់លិខិតអញ្ជើញមេ Facebook ឲ្យធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីនេះ គឺធ្វើឡើងតបតាមការអំពាវនាវរបស់សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Anton Belyakov។ លោក Anton អះអាងថា មហាសេដ្ឋីវ័យក្មេង នឹងបង្ហាញមុខចំពោះអង្គសភារុស្ស៊ី នៅក្នុងព្រឹត្តិការណ៍មួយ ដែលអាចឲ្យយើងទាំងអស់គ្នាជាសមាជិកសភា ធ្វើការសួរសំនួរទៅរូបលោក ម៉ាក៕