(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានហៅប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ នៅលើ Twitter ថា «សត្វតិរិច្ឆានអាសាដ» ក្រោយមានការចោទប្រកាន់រឿងការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុងឌួម៉ា។ ប៉ុន្តែនៅពេលត្រូវបានសាកសួរថា តើលោកមានក្រៅដាក់ឱ្យលោក ត្រាំ ដែរឬទេ? លោក អាសាដ បាននិយាយថា លោកមិនអាចប្រើប្រាស់ភាសានេះទេ។ នេះបើតាមសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
លោក អាសាដ ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Russian Today ដែលនឹងត្រូវចេញផ្សាយទំាងស្រុង នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងនាឱកាសនោះ លោក អាសាដ បានលើកឡើងយ៉ាងដូច្នេះថា «វាមិនមែនជាភាសារបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនប្រើ ប្រាស់ភាសាបែបនេះឡើយ។ វាគឺជាភាសារបស់គាត់ (លោក ត្រាំ)។ វាគឺតំណាងឱ្យគាត់ ព្រោះខ្ញុំគិតថា គេដឹងពីគោលការណ៍នេះយ៉ាងច្បាស់នោះ គឺអ្វីដែលអ្នកនិយាយជាអ្វីដែលអ្នកមាន... អីចឹងគាត់ចង់បង្ហាញពីអ្វីដែលគាត់មាន ហើយវាគឺរឿងធម្មតា»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ Russian Today លោក អាសាដ ក៏បានរៀបរាប់ផងដែរពីគោលជំហររដ្ឋាភិបាលរបស់លោក ជុំវិញជម្លោះប្រដាប់អាវុធនៅស៊ីរី វត្តមាកងទ័ពអាមេរិក និងភាពតានតឹងបច្ចុប្បន្នជាមួយអ៊ីស្រាអែល៕