(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក អាន់ថូនី ឡូក (Anthony Loke) បាននិយាយថា មិនមានភស្ដុតាងជាក់ស្ដែងណាមួយអាចបញ្ជាក់បានថា រុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ដឹកនាំដោយប្រទេសហូឡង់បានអះអាងថា មីស៊ីលប្រភេទ Buk ដែលគេបានប្រើដើម្បីបាញ់ទម្លាក់ជើងហោះហើរ MH17 កាលពីឆ្នាំ២០១៤ នៅភាគខាងកើតប្រទេសអ៊ុយក្រែន គឺមានប្រភពមកពីយោធារុស្ស៊ី។ ប៉ុន្តែខណៈហូឡង់ ទាមទារឱ្យទីក្រុងម៉ូស្គូទទួលខុសត្រូវលើសោកនាដកម្មនេះ លោក Anthony បែរជាលើកឡើងថា មិនមានភស្ដុតាងជាក់ស្ដែងចោទប្រកាន់លើរុស្ស៊ីទៅវិញ។
រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះបញ្ជាក់ប្រាប់ Channel News Asia នៅថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា «មិនមានភស្ដុតាងជាក់ស្ដែងណាមួយ ដើម្បីចោទប្រកាន់លើរុស្ស៊ី ក្រោមភស្ដុតាងរបស់ក្រុមអ្នកស៊ើបអង្កេតរួម (JIT) បាននោះទេ។ ប៉ុន្តែអ្នកដែលជាអ្នកទទួលខុសត្រូវ... អ្នកមិនអាចគ្រាន់តែចោទថា រុស្ស៊ីនោះទេ។ មួយវិញទៀតជាការពិតណាស់ យើងត្រូវពិចារណាលើទំនាក់ទំនងការទូត ហើយរាល់ការចាត់
វិធានការនៅពេលអនាគត គឺនឹងត្រូវផ្អែកលើភស្ដុតាងជាក់ស្ដែង»។
គួររំលឹកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ មានគោលដៅហោះហើរពីទីក្រុង អាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានគេបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៤។ សោកនាដកម្មនេះបានផ្ដាច់យកជីវិតមនុស្ស ដែលជិះនៅលើយន្ដហោះទាំងអស់ ២៩៨នាក់ ក្នុងនោះមាន ១៩៦នាក់ ជាពលរដ្ឋហូឡង់ ប៉ុន្តែរុស្ស៊ីធ្លាប់បានច្រានចោលរាល់ការប្រកាន់មកលើខ្លួន៕