(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ប្រហែលជាអាចនឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅខែក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីជាមួយសមភាគីរបស់លោក គឺលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមមន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
យោងតាមមន្ត្រីខាងលើដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បច្ចុប្បន្នអាចកំពុងពិចារណាប្រកាសបញ្ចប់សង្រ្គាមកូរ៉េទាំងស្រុង ជាមួយការបិទបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ តែទោះយ៉ាងនេះក្ដី មន្ត្រីរូបនេះក៏បានបញ្ជាក់ដែរថា មកទល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយថា លោក មូន ជែអ៊ីន នឹងចូលរួមក្នុងជំនួបជាមួយលោក គីម និងលោក ត្រាំ នៅសិង្ហបុរីនោះទេ ដោយគ្រាន់តែឱ្យដឹងថា លោក មូន នឹងចូលរួម បើសិនជាមានការអញ្ជើញពីសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នាជាប្រវត្តិសាស្ត្រក្នុងកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី៕