(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា សង្រ្គាមពាណិជ្ជកម្ម គឺជាសង្រ្គាមដែលធ្វើឱ្យគ្រប់គ្នាខាតបង់ ហើយលោកបានអំពាវនាវឱ្យមានការចូលរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ពិភពលោកក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងបើកសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីសហដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងសហភាព អឺរ៉ុប នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឆ្លើយតបឯកតោភាគី និងការគំរាមធ្វើសង្រ្គាមពាណិជ្ជកម្ម គឺមិនអាចដោះ ស្រាយបញ្ហាអ្វីបានឡើយ... ហើយអ្នកដែលដឹកនាំសង្រ្គាមពាណិជ្ជកម្មនាពេលថ្មីៗនេះ បានឃើញរួចមកហើយថា ទំនិញឡើងថ្លៃរីឯភាពអត់ការងារធ្វើមានកើនឡើងខ្ពស់»។
គួរបញ្ជាក់ថា បើទោះជាមិនបញ្ជាក់ចំៗថាអ្នកដឹកនាំសង្រ្គាមពាណិជ្ជកម្មជានរណា ប៉ុន្តែគេយល់ថា លោក ម៉ាក្រុង មានបំណងបន្ទោសលើរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដែលទើបត្រូវគេរាយការណ៍ថា កំពុងតែមានគម្រោងដំឡើងពន្ធក្នុងកម្រិតធ្ងន់ ទៅលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប បន្ទាប់ពីបានពន្យារពេលពីរលើករួចមក។
កាលពីខែមីនាកន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេចបង្កើនពន្ធ ២៥ភាគរយ ទៅលើដែកដែលនាំចូល និង ១០ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំចូលសហរដ្ឋអាមេរិក ខណៈខ្លួនបានពន្យារពេលនៃការអនុវត្តន៍ ទៅលើបណ្តាដៃគូពាណិជ្ជកម្មមួយចំនួនរបស់អាមេរិក ដើម្បីទុកពេលឲ្យប្រទេសទាំងនោះ ផ្តល់សម្បទានឲ្យមកទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចៀសការដំឡើងពន្ធ៕