(សេអ៊ូល)៖ លទ្ធភាពដែលថាកិច្ចប្រជុំត្រីភាគីរវាងកូរ៉េខាងជើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចកើតឡើងទៅបានឬអត់នោះ គឺត្រូវអាស្រ័យទៅលើលទ្ធផលនៃជំនួបកំពូលកូរ៉េខាងជើង-អាមេរិកថា វិជ្ជមាន ឬអវិជ្ជមាន។ នេះបើតាមការលើកឡើងពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
មន្រ្តីវិមាន Blue House មួយរូបបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហាថា តើកិច្ចប្រជុំត្រីភាគីអាចនឹងត្រូវធ្វើឡើងដែរ ឬអត់នោះ គឺពឹងផ្អែកទៅលើលទ្ធផលនៃជំនួបកំពូល រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបានកំណត់ពេលវេលានឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី។
គួរជម្រាបថា កិច្ចចរចាត្រូវគេរាយការណ៍ថា បាននិងកំពុងធ្វើឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រៀមសម្រាប់ការបើកកិច្ចប្រជុំប្រវត្តិសាស្រ្ត ជាលើកដំបូងបំផុតរវាងកូរ៉េខាងជើង-អាមេរិករវាងលោក ត្រាំ និងលោក គីម ហើយវិមាន Blue House បានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងមិនធ្វើការរៀបចំទុកជាមុនសម្រាប់កិច្ចប្រជុំត្រីភាគីឡើយ៕