(ឡូសអាន់ជែឡែស)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានប្រកាសប្ដូរឈ្មោះទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) ដែលជាការភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
ការប្រកាសប្ដូរឈ្មោះថ្មីនេះ ធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងពិធីមួយរៀបចំឡើងនៅឯមូលដ្ឋានទ័ពអាមេរិក ភាលហាប៊ឺ ហីកខាម (Pearl Harbor-Hickam) ក្នុងរដ្ឋហាវ៉ៃ។ ថ្លែងនៅក្នុងពិធីនោះ លោក Mattis បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារការទទួលស្គាល់ការកើនឡើងដ៏ ខ្លាំងនៃការភ្ជាប់ទំនាក់ទំនងរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃនេះយើងប្រកាសប្ដូរឈ្មោះ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) វិញ។ លើសពីនេះទៅទៀត ការប្ដូរឈ្មោះនេះគឺបង្ហាញពីការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ប្រសព្វឥណ្ឌូ-ប៉ាស៊ីហ្វិក»។
គួរជម្រាបថា ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក គឺជាទីបញ្ជាការដ៏ចំណាស់ និងធំបំផុតមួយក្នុងចំណោមទីបញ្ជាការទាំង ០៦ របស់កងទ័ពអាមេរិក។ ទីបញ្ជាការនេះទទួលខុសត្រូវលើតំបន់ឥណ្ឌូ-អាស៊ី-ប៉ាស៊ីហ្វិក ព្រមទំាងមានកងទ័ពអាមេរិក និងស៊ីវិលជិត ៣៧៥,០០០នាក់ កំពុងឈរជើងនៅតាមទីតាំងនីមួយៗរបស់ខ្លួន ដែលគ្របដណ្ដប់លើផ្ទៃពាក់កណ្ដាលនៃផែនដី ដោយលាតសន្ធឹង ពីផ្ទៃទឹកឆ្នេរអាមេរិកភាគខាងលិច ដល់ព្រំដែនភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា និងពីតំបន់សមុទ្រនៃទ្វីបអង់តាក់ទិកនៅប៉ូលខាងត្បូង រហូតដល់សមុទ្រអាក់ទិកប៉ូលខាងជើង៕