(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក សម្រាប់ការអះអាងថា ចិនកំពុងធ្វើយោធានីយកម្មនៅក្នុងតំបន់សមុទ្រចិនខាងត្បួង។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងថែមទំាងចាត់ទុកថា សហរដ្ឋអាមេរិក ដូចជាចោរប្លន់ដែលកំពុងលេងសើចជាមួយប៉ូលិស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) កាលពីថ្ងៃអង្គារកន្លងទៅ បានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តធ្វើសមយុទ្ធនាវាចរតាមទម្លាប់ នៅឯតំបន់សមុទ្រចិនខាងត្បូង ជាពិសេសនៅក្បែរដែនទឹក ដែលចិនចាត់ទុកថាជារបស់ខ្លួន និងកំពុងធ្វើយោធានីយកម្ម។
ដោយឡែកថ្លែងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួស ឈុនយីង (Hua Chunying) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះលើកឡើងនេះដោយលោកស្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកដូចជា ចោរប្លន់ដែលកំពុងប្រលែងលេងជាមួយប៉ូលិស។ ពោលគឺតាមការពិតវត្តមានយោធាអាមេរិក នៅក្នុងតំបន់សមុទ្រចិនខាងត្បូងគឺ ធំជាងប្រទេសចិន និងបណ្ដាប្រទេសដទៃនៅជុំវិញសមុទ្រនេះរួមគ្នាទៅទៀត។ ចំណែកឯចិនវិញមិនមែនអ្នកដាក់ពង្រាយអាវុធមុនគេ នៅតំបន់សមុទ្រចិនខាងត្បូងនោះទេ ហើយក៏មិនមែនកំពុងចូលរួមក្នុងសកម្មភាពយោធាដ៏ធំសម្បើមណាមួយដែរ... ប៉ុន្តែចិនមានសិទ្ធិ ស្របច្បាប់ក្នុងការដាក់ពង្រាយយោធា ដើម្បីការពារដែនកោះរបស់ខ្លួន»។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកស្រី Hua Chunying ក៏បានបញ្ចេញប្រតិកម្មទៅនឹងការប្ដូរឈ្មោះ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) ផងដែរ។ លោកស្រីថា រឿងប្ដូរឈ្មោះមិនមែនជាបញ្ហានោះទេ តែសំខាន់សហរដ្ឋអាមេរិកគួរតែធ្វើសកម្មភាពប្រកបដោយលក្ខណៈស្ថាបនា ក្នុងការចូលរួមចំណែករក្សាសន្ដិភាព និងស្ថេរភាពនៅក្នុងតំបន់៕