(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណម្នាក់បានឱ្យដឹងថា កងទ័ពអាមេរិកនឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ ហើយថារាល់ការប៉ុនប៉ងវាយប្រហារណាមួយមកលើកងទ័ពអាមេរិក នឹងត្រូវទទួលចម្លើយតបវិញដោយអាវុធ។ ការលើកឡើងនេះ គឺជាប្រតិកម្មឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយ Russian Today របស់ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ ស្សាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកឧត្ដមសេនីយ៍ ខិនណែត ម៉ាកខិនហ្ស៊ី (Kenneth McKenzie) បានលើកឡើងដូច្នេះថា «រាល់ភាគីទាំងអស់នៅក្នុងប្រទេសស៊ីរី គួរតែយល់ឱ្យច្បាស់ថា រាល់ការវាយប្រហារលើកងទ័ពអាមេរិក ឬក៏កងកម្លាំងចំរុះរបស់យើង គឺជាគោលនយោបាយដ៏អាក្រក់ ដែលនឹងត្រូវទទួលការឆ្លើយតបវិញដោយអាវុធ»។
កងទ័ពអាមេរិកជាង ២,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដើម្បីជួយគំាទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF នៅឦសាននៃប្រទេសរួមទាំងតំបន់ At-Tanf នៅភាគ ខាងត្បូងជាប់ព្រំដែនជាមួយហ្ស៊កដានី។
ជុំវិញវត្តមានយោធាអាមេរិកនេះដែរ លោក McKenzie បាននិយាយថា កងទ័ពអាមេរិក និងកងជីវពលជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ នឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរីជាបន្តទៀត។ «យើងនឹងបន្តស្ថិតនៅទីនោះ ហើយគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ចំណែកឯការរក្សាតំបន់គ្មានគឺ ជារឿងដ៏សំខាន់ ហើយយើងនឹងពិនិត្យមើលយ៉ាងហ្មត់ចត់ ទៅលើរាល់សកម្មភាពដែលមានបំណងផ្លាស់ប្ដូរវា»។ នេះបើតាមលោក McKenzie៕