(អាហ្វ្រិកខាងត្បូង)៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលឆាប់ៗខាងមុខនេះ របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន គឺនឹងមានសារៈសំខាន់ជាខ្លាំងសម្រាប់ការគ្រោងរៀបចំ នៃភាពរីកចម្រើនដំណាក់កាលថ្មី នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី។ នេះបើតាមសម្តីរបស់ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើការលើកឡើងបែបនេះ នៅក្នុងអំឡុងកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅឱកាសនៃការចូលរួមកិច្ចប្រជុំផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេស នៃសមាគមប្រទេសសេដ្ឋកិច្ចជឿនលឿន BRICS នៅឯទីក្រុង ចូហាន់ណែសប៊ឺក (Johannesburg) របស់ប្រទេសអាហ្វ្រិកខាងត្បូង។
គួរជម្រាបថា លោក ពូទីន នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា និងចូលរួមកិច្ចប្រជុំ SCO នៅទីក្រុង គីងតាវ (Qingdao)។ វានឹងក្លាយជាជំនួបលើកទីមួយសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក វ៉្លាឌីមៀ ពូទីន ជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំនេះ៕