(ម៉ូស្គូ)៖ កងកម្លាំងការពារដែនអាកាស នៃប្រទេសរុស្ស៊ីទើបតែចាប់ផ្តើមទទួលបានម៉ាស៊ីនហ្វឹកហ្វឺនទំនើបៗ សម្រាប់ហាត់រៀនឲ្យបានស្ទាត់ជំនាញ ក្នុងការធ្វើប្រតិបត្តិការទៅលើប្រព័ន្ធការពារអាកាស ព្រមទាំងយន្តហោះចម្បាំងដទៃៗទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
បើតាមអគ្គមេបញ្ជាការនៃកងកម្លាំងដែនអាកាសរុស្ស៊ី លោក ស៊ឺហ្គៃ សួរ៉ូវីគីន (Sergei Surovikin) ម៉ាស៊ីនហ្វឹកហ្វឺនទាំងនេះ ត្រូវបានរចនាឡើងសម្រាប់យន្តហោះចម្បាំងធុន Yak-130, Su-34, ឧទ្ធម្ភាគចក្រប្រយុទ្ធធុន Mi-28N, Ka-52, និង Mi-8MTV-5, និងប្រព័ន្ធខែលការពារអាកាស S-400 ព្រមទាំងប្រព័ន្ធបាញ់ពីផ្ទៃដីឡើងទៅលើអាកាសរយៈកម្ពស់ខ្លី និងមធ្យម Pantsir-S ជាដើម។
គួរជម្រាបថា សព្វាវុធខាងលើនេះសុទ្ធតែជាបច្ចេកវិទ្យាយោធាជំនាន់ថ្មី និងប្រកបដោយអានុភាពរបស់ប្រទេសរុស្ស៊ី។ ការបង្កើតសមត្ថភាពរបស់រុស្ស៊ីពេលនេះ ក៏បានកើតមានឡើងស្របពេលដែលសមាជិកនានារបស់អង្គការ NATO កំពុងតែបង្កើតឥទ្ធិពលដូចគ្នា ជាពិសេសនោះ គឺសេចក្តីប្រកាសកាលពីសប្តាហ៍មុននេះ ដែល NATO គ្រោងបង្កើនទ័ពប្រុងជើងការបន្ថែម ៣០,០០០នាក់ទៀត ដើម្បីទប់ឥទ្ធិពលរុស្ស៊ីតែម្តង