(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឱ្យមកចូលរួមក្នុងវេទិកា អន្តរជាតិមួយដែលនឹងត្រូវប្រព្រឹត្តទៅក្នុងទីក្រុង វ្ល៉ាឌីវូស្តូក (Vladivostok) ប្រទេសរុស្ស៊ីនៅខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
សារព័ត៌មានយ៉ុនហាប់ដដែល ដោយដកស្រង់ការចុះផ្សាយពី សារព័ត៌មានរុស្ស៊ី RIA Novosti បានឱ្យដឹងទៀតថា ការអញ្ជើញនេះធ្វើឡើងតាមរយៈសំបុត្ររបស់ លោក ពូទីន ដែលត្រូវបានប្រគល់ជូនលោក គីម ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន។ លើសពីនេះទៅទៀត នៅក្នុងសំបុត្រនោះដដែល លោកប្រធានាធិបតីរុស្ស៊ីក៏បានបង្ហាញផងដែរ នូវបំណងចង់ឱ្យមានភាពជោគជ័យផ្នែកការទូត ក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ។
គួររំលឹកថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ក៏ធ្លាប់បានរាយការណ៍ដែរថា លោក Lavrov ជំនួសឲ្យលោក ពូទីន បានអញ្ជើញលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា មេដឹកនាំកូរ៉េខាងជើង បានទទួលយកការអញ្ជើញនេះ ឬយ៉ាងណានោះទេ៕