(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសចំនួន ០៦ ជាសមាជិកដ៏មានឥទ្ធិពល នៃអង្គការប្រមូលផ្តុំរដ្ឋក្នុងទ្វីបអាមេរិក (Organization of American States) បានជម្រុញឱ្យអង្គការមួយនេះ ទាត់ចោលលទ្ធផលបោះឆ្នោតរបស់វេណស៊ុយអេឡា ក៏ដូចជាចាប់ផ្ដើមនីតិវិធីដកទីក្រុងការ៉ាកាស់ ចេញពីស្ថាប័នមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានបារំាង AFP នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ការស្នើឡើងនេះ ធ្វើឡើងនាឱកាសនៃការបើកកិច្ចប្រជុំលើកទី៤៨ នៃអង្គការរដ្ឋក្នុងទ្វីបអាមេរិក ដោយសហរដ្ឋអាមេរិក និងប្រទេស ០៦ផ្សេងទៀតដូចជា អាហ្សង់ទីន ប្រេស៊ីល កាណាដា ឈីលី មិចស៊ីកូ និងប៉េរូ បានស្នើឱ្យមានដំណោះស្រាយមួយទាត់ចោលលទ្ធផលបោះឆ្នោតកាលពីខែមុន ដែលត្រូវបានប្រទេសទាំងនេះចោទថា បានប្រព្រឹត្តទៅផ្ទុយពីរដ្ឋធម្មនុញ្ញរបស់វេណស៊ុយអេឡា កាលពីខែឧសភា។
គួរបញ្ជាក់ថា សំណើរបស់ប្រទេសទាំង ០៧ រួមគ្នាខាងលើនេះត្រូវបានគេរំពឹងថា អាចនឹងត្រូវបានបោះឆ្នោតអនុម័តនៅល្ងាចថ្ងៃចន្ទ ឬថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។ ម្យ៉ាងវិញទៀត បើសិនជាសំណើនេះត្រូវបានអនុម័តមែន នោះវេណេសុយអេឡា អាចនឹងប្រឈមមុខ បាត់បង់សមាជិកភាពពីអង្គការរដ្ឋក្នុងទ្វីបអាមេរិក បើទោះជាទីក្រុងការ៉ាកាស់ ធ្លាប់បានប្រកាសពីចេតនាចង់ចាកចេញពីអង្គការមួយ នេះដោយខ្លួនឯងក៏ដោយ៕